លោកត្រំាអង្គាសប្រាក់ជាជំនួយបានចំនួន១៩លានដុល្លាសម្រាប់យុទ្ធនាការឃោសនាដើម្បីជាប់ឆ្នោតជាថ្មី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (០១.០២.១៩)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានចាប់ផ្តើម​ឆ្នំាថ្មី ជាមួយនឹងការសម្រេចបានក្នុងការអង្គាសប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនា ជាថ្មីទៀតបានចំនួន ជាង ១៩ លានដុល្លា  ដែលនេះជាឱកាសមួយធ្វើឲ្យគាត់ មានប្រៀបជាងមន្ត្រីសំខាន់ ៗ  ក្នុងគណៈបក្សប្រជាធិបតេយ្យ   ក្នុងការឈរឈ្មោះប្រកួតជាមួយគណៈបក្សសាធារណរដ្ឋ នៅឆ្នំា ២០២០ ខាងមុខ  ដើម្បីតំណែងក្នុងសេតវិមាន ៕

មន្រ្តីទទួលរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់គាត់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា  លោកត្រំា អង្គាសប្រាក់បានចំនួន ២១ លានដុល្លាក្នុងត្រីមាសទីបួន ឆ្នំា ២០១៨ ។  លោកត្រំា ខុសពីប្រធានាធិបតីអាមេរិកនានា  ត្រង់គាត់បានដាក់ពាក្យសុំឈរឈ្មោះបោះឆ្នោតជាលើកទីពីរ ភ្លាមនៅថ្ងៃដែលគាត់បានចូលកាន់តំណែងកាលពីខែ មករា ឆ្នំា ២០១៧  ដោយមិនបានរង់ចាំពីរឆ្នំា  ទើបដាក់ការស្នើសុំទេ ។  ការធ្វើបែបនេះ បានផ្តល់ឱកាសឲ្យលោកត្រំា អាចអង្គាស និងចាយប្រាក់សម្រាប់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតពេញមួយអាណត្តិរបស់គាត់ ។​  មន្ត្រីមួយរូបទទួលបន្ទុកទទួលប្រាក់ឧបត្ថម្ភ បាននិយាយថា ​អ្នកផ្តល់ថវិកាមួយចំនួន  កំពុងតែពិចារណាថា ពួកគេនឹងគំាទ្របេក្ខជនរូបណា ។​