ក្រសួងពាណិជ្ជកម្ម កំណត់ឲ្យលក់សាំងក្នុង១លីត្រ តម្លៃ៣៣៥០រៀល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី ៖​


ក្រសួងពាណិជ្ជកម្ម បានកំណត់ឲ្យលក់ប្រេងសាំងធម្មតា ក្នុង១លីត្រ តម្លៃ៣៣៥០រៀល ស្របតាមការប្រែប្រួលប្រេងឥន្ធនៈតាមទីផ្សារក្នុងតំបន់និងអន្តជាតិ។
សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងរយៈពេលនេះ តម្លៃលក់រាយប្រេងសាំងធម្មតា ក្នុង១លីត្រ តម្លៃ៣.៣៥០រៀល និងប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ៣.៤០០រៀល ខណៈ ប្រេងសាំងស៊ុបពែរ ក្នុង១លីត្រ តម្លៃរហូតដល់៣.៧០០រៀល ដែលការកំណត់នេះ ចាប់អនុវត្តពីថ្ងៃទី១ ដល់ទី១៥ ខែកុម្ភៈនេះ។


ក្រសួងដដែលនេះ បន្តថា តម្លៃប្រេងឥន្ធនៈនេះបានបញ្ចុះតម្លៃចំនួន១៦០រៀល ក្នុង១លីត្រ ដោយសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមយ៉ាងសកម្ម តាមរយៈការកំណត់ថ្លៃឲ្យបណ្ដាស្ថានីយនានាទូទាំងប្រទេស ក្នុងការលក់ចេញ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ជីវភាពរបស់ប្រជាជន។
គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភធនជិត៨៣លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីទប់កុំឲ្យថ្លៃសាំងឡើងថ្លៃ៕​