ប្រមុខរាជរដ្ឋាភិបាល សំណូមពរអោយបងប្អូនខ្មែរ-ចិន ក្នុងថ្ងៃចូលឆ្នាំចិន ប្រុងប្រយ័ត្នពេលអុជធូបទៀន និងដុតក្រដាសសែន និង បើកបរ គោរពច្បាប់ចរាចរណ៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ប្រមុខរាជរដ្ឋាភិបាលបានសំណូមពរដល់បងប្អូនខ្មែរ-ចិន រួមទាំងពលរដ្ឋខ្មែរមួយភាគធំ អោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ និងសូមបើកបរ គោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពនៅគ្រប់ទីកន្លែង។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយរដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរក្នុងផេកផ្លូវការរបស់សម្ដេចថាថ្ងៃចូលឆ្នាំចិនក៏កាន់តែកៀក បងប្អូនខ្មែរ-ចិន រួមទាំងពលរដ្ឋខ្មែរមួយភាគធំក៏បានត្រៀមរៀបសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ ដើម្បីអបអសាទរឆ្នាំថ្មី ស្របពេលដែលស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាពល្អប្រសើរ។
សម្ដេច តេជោបន្តថាគ្មានអ្វីដែលធ្វើអោយពលរដ្ឋមានកង្វល់ឬព្រួយបារម្ភឡើយ ក្រៅតែពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ។ សូមបើកបរ គោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពនៅគ្រប់ទីកន្លែង។
សម្ដេច តេជោហ៊ុនសែនបានជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ៕