ត្រីផ្សោតមេគង្គ កាំពី បានបង្ហាញខ្លួនជូនភ្ញៀវទេសចរ អត្ថបទ៖ អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង ៖

ត្រីផ្សោតមេគង្គកាំពីបានបង្ហាញខ្លួនជូនភ្ញៀវទេសចរ ដ៏មានប្រជាប្រិយ៍ភាពបែបសិល្បៈមួយដើម្បីទាក់ទាញភ្ញៀវជាតិនឹងអន្តរជាតិឱ្យមកលេងខេត្តក្រចេះកាន់តែច្រើន នៅក្នុងឱ្យកាសបុណ្យចូល ឆ្នាំប្រពៃណីចិនវៀតណាមនៅពេលខាងមុខនេះ។


កាលពីរសៀលថ្ងៃទី៣១មករាឆ្នាំ២០១៩ តាមការអះអាង ពីភ្ញៀវទេសចរមកទស្សនាត្រីផ្សោយកំាពីនៅទន្លេមេគង្គក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះបានបញ្ជាក់ថា៖ពួកគាត់ច្រើនតែងតែដើរកំសានមើលត្រីផ្សោតជារៀងរាល់ឆ្នាំតែមិនបានឃើញដូចពេលនេះទេ។


ពួកគាត់លើកឡើងថា៖នេះជាភាពដ៍អស្ចារ្យមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងពេលដែលប្រជាពលរដ្ឋនឹងភ្ញៀវទេសចរមួយចំនួនបានរិះគន់ថាត្រីផ្សោតមានភាពបាត់បង់ទៅៗ ដោយសារតែប្រជាអ្នកនេសាទមួយចំនួនតូច មិនបានចូលរួមថែរក្សានឹងមិនគោរពច្បាប់ជលផលចេះតែលួចធ្វើនេសាទនៅតំបន់នេះបង្កឱ្យបាត់បង់ចំណីរបស់វា។


ពួកកាត់បន្តថា៖វត្តមានដ៍ស្ញប់ស្ញែងនេះប្រៀបដូចថាពួកគាត់មានភាពសំណាងទៅចុះ ព្រោះបានឃើញត្រីផ្សោយដោយមិនបាច់សម្លឹងច្រើន ពួកវាបានប្រលេងគ្នាលេងលើផ្ទៃទឹកមានតូចមានធំហាក់ដូចជាដណ្តើមចំណីគ្នា ឬវាធ្វើសកម្មភាពការពារកូនតូចរបស់វាក៍ថាបាន។


លោកប៉ុក ពន្លកប្រធានឆ្មាំទន្លេមេគង្គខេត្តក្រចេះបានបញ្ជាក់ថា៖នេះពិតជាការបង្ហាញឱ្យឃើញពីចំនួនកើនឡើងរបស់ត្រីផ្សោត ព្រោះបើតាមការតាមដានសង្កេតឃើញថា មានកូនត្រីផ្សោតតូចមួយទើបកើត បានប្រហែលមួយសប្តាហ៍តែប៉ុណ្ណោះ។ លោកថា៖កូនត្រីផ្សោតនេះមានទម្ងន់ប្រមាណជា១០គីឡូក្រាមតែប៉ុណ្ណោះហើយជាមួយគ្នានេះដែរនៅអន្លងផ្សោតកាំពីនេះមានត្រីផ្សោតរស់នៅប្រមាណចាប់ពី៥០ទៅ៦០ក្បាលក្នុងនោះត្រីផ្សោតតូចៗមានប្រមានពី ២៥ទៅ ៣០ក្បាល ។
លោកថា៖ វត្តមានត្រីផ្សោតនេះ ហាក់ដូចជាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងរស់នៅតំបន់កាំពី ជាពិសេសប្រជាអ្នកនេសាទ ឈប់លួចលាក់ប្រើឧបករណ៍ខុសច្បាប់ និងឈប់លួចធ្វើនេសាទក្នុងអន្លុងអភិរក្សនេះ ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកវា ។
សូមបញ្ជាក់ថាៈ នេះជាលើកទី១នៅចុងខែមករាឆ្នាំ២០១៩នេះ ដែលមានវត្តមានត្រីផ្សោតហក់ឡើងបង្ហាញខ្លួនជូនភ្ញៀវជាតិ និងអន្តរជាតិ ទស្សនាឃើញពេញក្រសែភ្នែក ទាក់ទាញអារម្មណ៍ឲ្យឃើញម្តងហើយចង់ឃើញម្តងទៀត ៕