ឯកអគ្គរដ្ឋទូតវៀតណាមបញ្ជាក់អំពីភាពរីកចម្រើន នៃទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី ក្នុងឆ្នាំ​២០១៨

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីកាលពីឆ្នាំមុននៅក្នុងជំនួបជាមួយតំណាងភ្នាក់ងារព័ត៌មានរុស្ស៊ី និងវៀតណាម នៅទីក្រុងមូស្គូ។

លោកបាននិយាយថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនលើគ្រប់វិស័យ ដូចជាវិស័យ នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នៅក្នុងវិស័យនយោបាយ ការជឿទុកចិត្តគ្នាទៅវិញទៅមកត្រូវបានលើកទឹកចិត្តដោយការផ្លាស់ប្តូរ គណៈប្រតិភូជាញឹកញាប់កាលពីឆ្នាំមុន រួមទាំងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនីស វៀតណាម លោក Nguyen Phu Trong និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev និងប្រធានរដ្ឋ Duma លោក Viacheslav Volodin ។

លោក Manh បាននិយាយថា វិស័យមួយនៃភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិដែលបានគូសបញ្ជាក់ខាងលើ គឺវិស័យការពារជាតិ និងសន្តិសុខ ដោយលោកបានកត់សម្គាល់នូវការចូលរួមជាលើកដំបូងរបស់វៀតណាមនៅក្នុងការប្រកួតកងទ័ពនៅក្នុងប្រទេសរុស្ស៊ី និងការធ្វើទស្សនកិច្ចរបស់នាវាចម្បាំងនៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ីទៅកាន់កំពង់ផែ Cam Ranh នៃប្រទេសវៀតណាម។

អ្នកការទូតរូបនេះបាននិយាយថា ការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ច Eurasian ដែលរុស្ស៊ីជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យពាណិជ្ជកម្មរបស់ប្រទេសទាំងពីរត្រូវបានពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

យោងតាមអគ្គនាយកដ្ឋានគយរបស់វៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ៤,៥៧ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៨ ពោល គឺកើនឡើងបាន ២៨,៦ភាគរយបើធៀបទៅនឹងឆ្នាំមុន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)