មហាអំណាចនុយក្លេអ៊ែរទាំង៥ សន្យាការពារសន្ធិសញ្ញាមិនឱ្យសាយភាយនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — សមាជិកអចិន្ត្រៃយ៍ទាំង៥ ( P5 )  នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គឺ ចិន , បារាំង , រុស្ស៊ី , ចក្រភពអង់គ្លេស និង ស.រ.អា បានធ្វើសន្និសីទផ្លូវការមួយកាលពីថ្ងៃពុធក្នុងក្រុងប៉េកាំង ដើម្បីពិភាក្សាបញ្ហាដែលមានជាប់ទាក់ទងដល់នុយក្លេអ៊ែរ ដោយប្តេជ្ញាការពាររួមគ្នាសន្ធិសញ្ញា ស្តីពីការមិនឱ្យសាយភាយអាវុធនុយក្លែអ៊ែរ ( NPT  ) នេះ ។

ប្រទេសទាំង៥ ដែលទាំងអស់មានអាវុធនុយក្លែរនោះ បានប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះសន្និសីទនេះ ចាប់តាំងពីឆ្នាំ ២០០៩ មកដើម្បីថែរក្សាការទាក់ទងគ្នាឱ្យបានទៀងទាត់ ស្តីពីបញ្ហាដែលមានជាប់ទាក់ទងដល់      សន្ធិសញ្ញា និងការការពារនុយក្លេអ៊ែរ ។ កិច្ចប្រជុំចុងក្រោយរបស់ពួកគេត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១៦ ក្នុងទីក្រុងវ៉ាស៊ីងតោន ឌី . ស៊ី , ស.រ.អា ។ ប្រទេសចិនបច្ចុប្បន្ន គឺជាអ្នកសម្របសម្រួលប្តូរវេនគ្នាសម្រាប់យន្តការកិច្ចសហប្រតិបត្តិការមួយបែបនេះ ។

លោក Zhang Jun  ប្រធានគណៈប្រតិភូចិន  និងជាឧបការីរដ្ឋមន្ត្រីកិច្ចការបរទេសនៅពេលធ្វើការកត់សម្គាល់បញ្ចប់បន្ទាប់ពីសន្និសីទនេះបាននិយាយថា  ដោយសង្កត់ធ្ងន់ថា NPT  គឺជាមូលដ្ឋាននៃប្រព័ន្ធមិនឱ្យសាយភាយនុយក្លេអ៊ែរជាសកលនោះ មហាអំណាចទាំង៥ បានសន្យាអនុវត្តន៍ឱ្យបានទូលំទូលាយ NPT  នេះ ។

លោក Zhang បាននិយាយថា P5  បានព្រមព្រៀងគ្នាខិតខំប្រឹងប្រែងធ្វើឱ្យមានការជឿនលឿនកាន់តែធំឡើងនៅក្នុងការកាត់បន្ថយនុយក្លេអ៊ែរ , ខឹតខំឱ្យពេញទំហឹងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាមិនឱ្យសាយភាយនុយក្លេអ៊ែរ តាមរយៈវិធានការនយោបាយនិងការទូត ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិនៅក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិភាព ។

លោកបាននិយាយបន្ថែមថា មហាអំណាចនុយក្លេអ៊ែរ ក៏នឹងពង្រឹងផងដែរការផ្លាស់ប្តូរគ្នា ស្តីពីនយោបាយ និងយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរ​ ដែលបង្កឡើងដោយ ការយល់ខុសនឹងធ្វើការវិនិច្ឆ័យខុស  ។

លោក Zhang បាននិយាយថា ប្រទេសចិននឹងនៅតែសន្យាដើម្បីកសាងការមូលមតិគ្នា និងការគ្រប់គ្រងការមិនចុះសម្រុងគ្នាក្នុងបណ្តាមហាអំណាចនុយក្លេអ៊ែរទាំង៥ នៅក្នុងអាណត្តិនៃសន្តិសុខជាយុទ្ធ   សាស្ត្រដោយជំនួសល្បែងផលបូកសូន្យជាមួយកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ព្រមទាំងរួមចំណែកដល់សន្តិភាព និងស្ថិរភាពពិភពលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )