វៀតណាមជួយដល់បង់ក្លាដេសអំពីបញ្ហាជនទេសន្តរប្រវេសន៍ Rakhine

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩​ — រដ្ឋាភិបាលវៀតណាមបានសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសបង់ក្លាដេស ដើម្បីជួយផ្តល់ជំនួយមនុស្សធម៌ដល់ជនទេសន្តរប្រវេសន៍មកពីរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានធ្វើសេចក្តីប្រកាសនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសបង់ក្លាដេសកាលពីថ្ងៃទី២៩ និង ៣០ ខែមករា ក្នុង    តួនាទីជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី Sheikh Hasina Wazed រដ្ឋមន្រ្តីការបរទេស លោក AK Abdul Momen រដ្ឋលេខាធិការក្រសួងការបរទេស លោក Shahriar Alam និងនាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅបង់ក្លាដេស លោក Richard Ragan ។

លោក Dung បានពាំនាំនូវអំណរគុណរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Phuc ជូនចំពោះលោកស្រី Sheikh Hasina Wazed ដែលបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តីបង់ក្លាដេសសាជាថ្មីម្តងទៀត ព្រមទាំងសមិទ្ធផលនៃកិច្ចអភិវឌ្ឍន៍របស់ប្រទេសនេះ។ លោកបាននិយាយថា នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ មិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការពហុភាគីផង     ដែរ។

អនុរដ្ឋមន្រ្តីរូបនេះក៏បានស្វាគមន៍ផងដែរនូវសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់បង់ក្លាដែសក្នុងការទទួលយកជនទេសន្តរប្រវេសន៍ជាច្រើនមកពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា។ លោកបានសម្តែងក្តីសង្ឃឹមថា បង់ក្លាដេសនឹងបន្តធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាពចំពោះបញ្ហានេះ និងលើកកម្ពស់ការធ្វើមាតុភូមិនិវត្តន៍របស់ជនទេសន្តរប្រវេសន៍ទាំងនោះ។

មន្ត្រីរូបនេះបានកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាមនឹងជួយសមភាគីបង់ក្លាដែសរបស់ខ្លួនចំនួន ៥០.០០០ដុល្លារអាម៉េរិក និងបរិច្ចាគប្រាក់ចំនួន ៥០.០០០ដុល្លារអាម៉េរិកផ្សេងទៀតដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់ជំនួយមនុស្សធម៌សម្រាប់សហគមន៍ទេសន្តរប្រវេសន៍នៅទីនោះ។

ចំពោះប្រទេសបង់ក្លាដេស នាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ – រដ្ឋាភិបាលវៀតណាម។ ពួកគេក៏បានបង្ហាញដល់ភ្ញៀវរបស់ពួកគេអំពីស្ថានភាពរបស់ជនទេសន្តរប្រវេសន៍ Rakhine និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសពួកគេក្នុងការដោះស្រាយស្ថានភាពនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។ ពួកគេបានសម្តែងក្តីសង្ឃឹមថា វៀតណាម និងបណ្តាប្រទេសដទៃទៀតនៅអាស៊ាននឹងជួយដល់ បង់ក្លាដេសក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)