រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យភាគីវៀតណាម ជួយទិញស្រូវ អង្ករពីកម្ពុជា តាមតម្លៃទីផ្សារដូច​ក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ -ស្របពេលដែលបញ្ហាស្រូវ អង្ករនៅកម្ពុជា កំពុងតែមានតម្លៃទាប រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខ ប្រមាញ់នឹងនេសាទ បានស្នើដល់វៀតណាមជួយដោះស្រាយដោយទិញស្រូវ អង្ករឱ្យតាមតម្លៃ ទីផ្សារនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន កាល ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជាគឺបានពិភាក្សាលើបញ្ហាសំខាន់ចំនួនពីរគឺទី១ ធ្វើការពិនិត្យ និង វាយតម្លៃជារួមលើស្ថានភាពតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន និងទី២ រួមគ្នាដោះស្រាយ និងដាក់ ចេញនូវយន្តការនៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជាឱ្យបានសមស្របទៅនឹងត ម្លៃលើទីផ្សារ នៅប្រទេសវៀតណាម។ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំ បានដាក់ចេញនូវយន្តការដោះស្រាយនូវបញ្ហាតម្លៃស្រូវ ក្នុងេយៈពេលខ្លី មធ្យម និងវែងដោយ ភាគីវៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើ របាយការណ៍លម្អិតជូននាយករដ្ឋមន្រ្តីវៀតណាមដើម្បីជំរុញឱ្យពាណិជ្ជករវៀតណាម ជួយ ប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។ ទន្ទឹមនេះ ធនាគារ AGRI BANK នឹងពិនិត្យ លទ្ធភាព និងធ្វើការសម្រួលបែបបទផ្សេងៗដើម្បីផ្តល់កម្ចីឥណទានដល់ពាណិជ្ជករវៀតណាម សម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ ព្រមទាំងគាំទ្រដល់ការផ្តល់ ឥណទាន​ដល់ពាណិជ្ជករកម្ពុជាដែលខ្វះទុនក្នុងការប្រមូលទិញកសិផល។ ក្រៅពីនេះ ភាគីទាំងពីរ​នឹង​បន្តពង្រឹង និងពង្រីកការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមាន​ប្រសិទ្ធភាពដើម្បីរក្សានិរន្តរភាពនៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។ ភាគីទាំងពីរបាន ឯកភាពគ្នាថានឹងសហការគ្នាដោះស្រាយ បញ្ហាប្រឈមដែលមានឱ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ជាមួយគ្នានេះដែរ ទូរទស្សន៍ វៀតណាម នឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃកិច្ចប្រជុំនេះជូនដល់​ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យ។

ឯកឧត្តម Vu Quang Minh បានគូសបញ្ជាក់ថា ភាគីវៀតណាម នឹងជំរុញឱ្យមានការចុះ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេស​លើផលិតផលថ្នាំជក់ និងស្រូវ-អង្ករដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕

ដោយ ប៊ុនរិទ្ធ