អាជ្ញាធរក្រុងសៀមរាបអះអាងថា កំពុងរៀបចំគម្រោងផែនការថ្មី សម្រាប់គ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធភាពខ្ពស់

AKP សៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — អភិបាលក្រុងសៀមរាបអះអាងថា កំពុងតែរៀបចំគម្រោងផែនការថ្មីសម្រាប់ គ្រប់ គ្រងសំរាមនៅក្នុងក្រុងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយអាជ្ញាធរ គ្រោងដាក់ឱ្យ ក្រុមហ៊ុនចំនួនបីធ្វើការប្រមូល និងដឹកសំរាមចេញពីក្រុង និងសាកល្បងប្រតិភូកម្ម ថវិកា មួយចំនួនដល់សង្កាត់សម្រាប់ធ្វើការគ្រប់គ្រងទទួលខុសត្រូវលើកបរិស្ថានដោយខ្លួនឯង។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះថា  អាជ្ញាធរទទួលស្គាល់ថា នៅមានសំរាមសេសសល់នៅតាម បណ្តាផ្លូវមួយចំនួននៅជាយៗក្រុង ដែលធ្វើឱ្យប៉ះពាល់ដល់សោភណភាព របស់ក្រុងសៀមរាប  ហើយអាជ្ញាធរក្រុងក៏កំពុងតែខិតខំដោះស្រាយបញ្ហានេះ។ លោកពន្យល់ថា ដោយសារកាលពី២០ឆ្នាំមុនអាជ្ញាធរបានធ្វើកិច្ចសន្យាឱ្យក្រុមហ៊ុន ប្រមូលសំរាមតែនៅតាមផ្លូវធំៗ ប៉ុន្តែរហូតមកបច្ចុប្បន្ន យើងមានការរីក ចម្រើនមានផ្លូវធំៗច្រើនជាងមុន ហើយចំនួនសំរាមក៏ចេះតែមានការកើនឡើងខ្ពស់ ឯកក្រុមហ៊ុនប្រមូល និងដឹងជញ្ជូនសំរាមចេញមានតែមួយ ដែលធ្វើឱ្យការ ប្រមូលសំរាមនេះយឺត។

លោកអភិបាលក្រុងបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាសំរាមនៅក្នុងក្រុង សៀមរាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរក្រុងសៀមរាបកំពុងតែរៀបចំគម្រោង ផែនការថ្មីដោយចាប់ពីឆ្នាំ២០១៩នេះទៅអាជ្ញាធរគ្រោងដាក់ឱ្យក្រុមហ៊ុនចំនួនបីធ្វើការប្រមូល និងដឹកសំរាមចេញពីក្រុង និងមានការរៀបចំប្រព័ន្ធគ្រប់គ្រងទីលានចាក់សំរាមឱ្យបានល្អ។ ក្រុមហ៊ុនទាំងនោះ និងមានការបែងចែកតំបន់គ្នាប្រមូល និងដឹកជញ្ជូនសំរាមចេញ ដូចជា ក្រុមហ៊ុនមួយធ្វើការប្រមូលសំរាមនៅផ្នែកខាងលិចស្ទឹង មួយធ្វើការប្រមូលផ្នែកខាងកើតស្ទឹង និងមួយទៀតធ្វើការប្រមូលតាមទីសាធារណៈ ដើម្បីធ្វើយ៉ាងណាឱ្យការប្រមូល សំរាមចេញពីក្រុងសៀមរាបឱ្យបានលឿន។ ក្រៅពីនេះអាជ្ញាធរក្រុង និងធ្វើការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដែលមានមន្ទីរសេដ្ឋកិច្ច មន្ទីរបរិស្ថានក្នុងការរៀបចំសៀវភៅបន្ទុកថ្មី និងធ្វើកិច្ចសន្យាថ្មី ជាមួយក្រុមហ៊ុន សម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៩នេះទៅ។

លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ក្រៅពីការរៀបចំផែនការថ្មី សម្រាប់ឱ្យក្រុមហ៊ុនអនុវត្តន៍ទៅទទួលបានជោគជ័យ អាជ្ញាធរក្រុងសៀមរាប ក៏បានសាកល្បងប្រតិភូកម្មថវិកាមួយចំនួនដល់សង្កាត់សម្រាប់ធ្វើការគ្រប់គ្រងទទួលខុសត្រូវលើកបរិស្ថានអនាម័យដោយខ្លួនឯង។ សម្រាប់ជំហានសាកល្បងដំបូងនេះ ក្រុងជ្រើសរើសយកសង្កាត់សាលាកំរើមួយសិនសម្រាប់ធ្វើការអនុវត្តសាកល្បងក្នុងរយៈពេល១ឆ្នាំ បើការសាកល្បងនេះទទួលបានជោគជ័យសាលាក្រុង និងប្រតិភូកម្មថវិកាទៅគ្រប់សង្កាត់ទាំងអស់របស់ក្រុង។

លោក នួន ពុទ្ធារ៉ា បន្តថា សំរាមគឺជាសត្រូវរបស់អ្នកទេសចរ ហើយក្រុងសៀមរាប ជាក្រុងទេសចរណ៍ ដូច្នេះទាំងអាជ្ញាធរនិងប្រជាពលរដ្ឋត្រូវរួមគ្នាដោះស្រាយ និងលុបបំបាត់បញ្ហានេះទាំងអស់គ្នា ដើម្បីក្រុងរបស់យើងស្អាត និងដើម្បីទាក់ទាញ ភ្ញៀវទេសចរឱ្យមកទស្សនា និងស្នាក់នៅខេត្តសៀមរាបបានយូរផងដែរ៕

ដោយ ឃុត សៅ