ក្រសួងព័ត៌មានប្រកាសជំហរប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយឲ្យទាន់សភាពការណ៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញអោយអគ្គនាយកដ្ឋានចំណុះក្រោមឱវាទនិងមន្ទីរព័ត៌មាន គ្រប់រាជធានីខេត្ត បង្កើតក្រុមការងារបន្សាបព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ដើម្បីទប់ស្កាត់កុំឲ្យព័ត៌មានមិនពិតទំាងនោះ បង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គម ។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋទំាងអស់មានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងមន្ទីរព័ត៌មានរាជធានីខេត្ត ត្រូវពិនិត្យតាម ដានការផ្សាយព័ត៌មានមិនពិត ពិសេសនៅក្នុងបណ្តាញ ផ្សព្វផ្សាយសង្គម ហើយប្រមូលនូវរាល់ព័ត៌មានក្លែងក្លាយទាំងអស់នោះ ដើម្បីយកមកផ្សាយបកទៅវិញតាមរយះព័ត៌មានពិតនិងច្បាស់លាស់ ។


ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមករានេះ ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ចាប់ពីពេលនេះទៅក្រុមការងារប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទំាងអស់ត្រូវតែសកម្មលើការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយ ខណៈដែលបច្ចុប្បន្នព័ត៌មានក្លែងបន្លំកំពុងកើតឡើងច្រើន ដែលធ្វើឲ្យសាធារណៈជនយល់ច្រលំខុសពីការពិត។


ឯករដ្ឋមន្រ្តីបានអះអាងថា ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាព មន្រ្តីព័ត៌មាន ត្រូវសរសេរព័ត៌មានឲ្យបានច្បាស់លាស់មានប្រភពត្រឹមត្រូវពីអ្នកជំនាញពាក់ព័ន្ធ ហើយផ្សាយវាយបកត្រលប់ទៅវិញអោយទាន់សភាពការណ៍។
លោកជំទាវ ឈឹមពៅ សុកាន់ឌី ដែលទើបតែឡើងកាន់ដំណែងថ្មីជាអគ្គនាយិយកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានប្តេជ្ញាជំរុញការបន្សាបរាល់ព័ត៌មានមិនពិតទំាងឡាយដែលកើតមានឡើង នៅក្នុងសង្គម តាមរយះការផ្សព្វផ្សាយពន្យល់ពីភាពច្បាស់លាស់ឡើងវិញ តាមកម្មវិធីព័ត៌មាន និងកម្មវិធីមួយចំនួនទៀតនៅក្នុងវិទ្យុជាតិកម្ពុជា។
សម្លេង«នាងខ្ញុំនឹងខិតខំជំរុញថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន និងការិយាល័យចំណុះឲ្យអគ្គនាយកដ្ឋានវិទ្យុជាតិទំាងមូល យកចិត្តទុកដាក់ពង្រឹងបន្ថែមលើការងារគ្រប់ផ្នែក ទំាងពេលវេលាបមពេញការងារ ទំាងការងារផ្សព្វផ្សាយព័ត៌មាន ទំាងការងារកម្មវិធីផ្សាយ ហើយត្រូវពង្រីកបន្ថែមនូវចំណុចខ្លំាង ដែលជាគុណប្រយោជន៍ ពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ទប់ស្កាត់ប្រឆំាងចំពោះព័ត៌មានក្លែងក្លាយ ដែលនាំអោយបំពុលដល់សង្គម ឈានទៅអនុវត្តអោយបានសម្រេចតាមទិសដៅរបស់ក្រសួងដែលបានកំណត់ ពិសេសរួមចំណែកអោយបានជោគជ័យនូវយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ព័ត៌មានក្លែងក្លាយភាគច្រើនកើតឡើងដោយក្រុមជ្រុលនិយមប្រឆាំងដែលមានចរិកបង្កាច់បង្ខូចមកលើរាជរដ្ឋាភិបាល ចង់អោយសង្គមវឹកវរ យល់ខុសអ្វីដែលជាការពិត។ តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ទំាងអស់បានផ្សាយវាយបកត្រូវទៅវិញទាន់សភាពការណ៍ ដើម្បីទប់ស្កាត់កុំអោយប្រជាពលរដ្ឋយល់ខុសតាមការញុះញុង របស់ក្រុមអគិតទំាងនោះ។