ស៊ីរីនឹងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ប្រឈមមុខនិងសង្គ្រាមសេដ្ឋកិច្ចលោកខាងលិច

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — តាមទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ឱ្យដឹងថា ប្រធានាធិបតីស៊ីរី លោក បាសារ អាល់អាសាដ ( Bashar al-Assad  ) កាលពីថ្ងៃអង្គារនេះ បានសាទរកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសរបស់ លោក និងប្រទេសអ៊ីរ៉ង់ថា ជាមូលដ្ឋានសេដ្ឋកិច្ចដ៏ខ្លាំមួយ ដើម្បីប្រឈមមុខ នឹងសង្គ្រាមសេដ្ឋកិច្ចដែលបើក ធ្វើឡើងដោយលោកខាងលិច ។

លោក អាសាដ បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចប្រជុំរបស់លោក ជាមួយលោក អេសាក់- ហ្សាហាន ជីរី ( EshaqJahangiri ) អនុប្រធានាធិបតីទីមួយ​របស់អ៊ីរ៉ង់ ដែលបានទៅដល់ក្រុងដាម៉ាស់ កាលពីមួយថ្ងៃមុន នឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយស៊ីរី ។

ប្រធានាធិបតីស៊ីរីបាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះ នឹងមានទំហំជាយុទ្ធ-     សាស្ត្រមួយ ព្រមទាំងនឹងបង្កើតបានជាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ប្រទេសស៊ីរី និង អ៊ីរ៉ង់ ដើម្បី ប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ចដែលបានបើកធ្វើឡើងដោយបណ្តាប្រទេសលោកខាងលិច  ។

លោក អាសាដ ក៏បានគូសបញ្ជាក់ផងដែរនូវភាពចាំបាច់ បង្កើនកិច្ចប្រឹងប្រែងទៅវិញទៅមកនៅក្នុងដំណាក់កាលនេះ ដើម្បីដកយកប្រទេសលោកខាងលិច កុំឱ្យមានហេតុផលណាមួយធ្វើឱ្យប្រទេសអ៊ីរ៉ង់និងស៊ីរីចុះខ្សោយ ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា សង្គ្រាមសេដ្ឋកិច្ចលើប្រទេសទាំងពីរនេះ កើតឡើងបន្ទាប់ពីបរាជ័យរបស់មហាអំណាចលោកខាងលិច ដើម្បីដាក់នូវឆន្ទៈរបស់ពួកគេមកលើប្រទេសស៊ីរី តាមរយៈការ  គាំទ្រអំពើភេរវកម្ម ។

សម្រាប់លោកវិញ លោក ហ្សាហានជីរី បាននិយាយថា ប្រទេសរបស់លោក ដែលឈរនៅខាងភាគីស៊ីរី ក្នុងសង្គ្រាមប្រឆាំងភេរវកម្មនោះ នឹងនៅជាមួយប្រទេសស៊ីរីក្នុងដំណើរការកសាងឡើងវិញ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )