អ៊ីរ៉ង់គ្មានផែនការណាមួយជំរុញរយៈចម្ងាយមីស៊ីលខ្លួនទេ  

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា  ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការរាយការណ៍ថា មន្ត្រីសន្តិសុខថ្នាក់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយនៅ ក្រុងតេហេរ៉ង់ កាលពីថ្ងៃអង្គារថា សាធារណរដ្ឋអ៊ីស្លាមគ្មានផែនការណាមួយ ដើម្បីជំរុញរយៈចម្ងាយមីស៊ីលរបស់ខ្លួនទេ ។

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល លោក អាលី សាមខានី ( Ali Shamkhani ) បាននិយាយ ថា អ៊ីរ៉ង់គ្មានការកម្រិតខាងវិទ្យាសាស្ត្រ និងប្រតិបត្តិការណាមួយ ដើម្បីបង្កើតរយៈចម្ងាយមីស៊ីរបស់ខ្លួនទេ តែយ៉ាងណាក៏ដោយខ្លួនគ្មានចេតនាណាមួយ ដើម្បីជំរុញចម្ងាយមីស៊ីលឡើយ ដោយសារតែលទ្ធិការពារ របស់ខ្លួន ។

គេបានដកស្រង់សម្តី លោក សាមខានី ដែលនិយាយថា នៅពេលជាមួយគ្នានេះដែរ អ៊ីរ៉ង់បានធ្វើការជាបន្ត ដើម្បីបង្កើនភាពជាក់លាក់នៃមីស៊ីលរបស់ខ្លួន ។ តាមទីភ្នាក់ងារព័ត៌មាន Tasnim ឱ្យដឹងថា នៅមុននេះ លោក ម៉ូហាម៉ាដអាលី ហ្សាហ្វារី មេបញ្ជាការ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម ( IRG ) បាននិយាយថា មីស៊ីលអ៊ីរ៉ង់បច្ចុប្បន្ន ដែលមានរយៈចម្ងាយបាញ់ ២.០០០ គីឡូម៉ែត្រនោះ គឺគ្រប់គ្រាន់ ដើម្បីបំពេញនូវគោលបំណងរបស់ប្រទេសនេះ ។

លោក ហ្សាហ្វារី បាននិយាយថា រយៈចម្ងាយ២,០០០ គីឡូម៉ែត្រ សម្រាប់មីស៊ីលអ៊ីរ៉ង់ គឺគ្រប់គ្រាន់ពីព្រោះភាគច្រើននៃផលប្រយោជន៍ និងកងកម្លាំងអាម៉េរិកស្ថិតនៅក្នុងរង្វង់រយៈចម្ងាយនេះ ។បណ្តាញប្រទេស លោកខាងលិច ដែលរួមមាន ស.រ.អា និងបារាំងផងបានទទូចដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ការអភិវឌ្ឍ និងធ្វើតេស្តមីស៊ីផ្លោង ។

អ៊ីរ៉ង់បានបដិសេធការអំពាវនាវនេះដោយនិយាយថា ខ្លួននឹងបន្តធ្វើតេស្តមីស៊ីលស្របទៅតាម នយោបាយធ្វើឱ្យញញើតរបស់ខ្លួនទោះបីជាជំហរប្រឆាំង ដែលបានប្រកាន់យកស្តីពីបញ្ហានេះ ដោយ ស.រ.អា និងបារាំងក៏ដោយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )