កាសែតអាហ្វហ្គានីស្ថានសំដែងក្តីសង្ឃឹមសម្រាប់សន្តិភាព នៅពេលមានកិច្ចចរចាអាម៉េរិក – តាលីបង់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — កាសែតនានា ក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារនេះ បានសំដែងនូវសេចក្តីសង្ឃឹមសម្រាប់សន្តិភាព និងស្ថិរភាព ដ៏យូរអង្វែងនៅក្នុងប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមនេះ នៅពេលមានកិច្ចចរចាជាបន្តរវាង ស.រ.អា និងពួកតាលីបង់​ ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា គណៈប្រតិភូអាម៉េរិកមួយ ដែលដឹកនាំដោយអ្នកការទូតជើងចាស់លោក ហ្សាល់ម៉ាយ ខាលីហ្សាដ ( Zalmay Khalizad ) បានជួបតំណាងពួកលតាលីបង់ ៤ លើកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ មក ហើយការសន្ទនាគ្នាលើកទី៥ រវាងភាគីទាំងពីរ គេបម្រុងធ្វើនៅថ្ងៃទី ២៥ ខែកុម្ភៈ ។

សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក៏បាននិយាយផងដែរថា ស.រ.អា បានយល់ព្រមដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយក្រុមតាលីបង់នឹងប្រកាសការឈប់បាញ់ប្រសិនបើ ស.រ.អា ប្រកាសតារាងពេលវេលាសម្រាប់ការដកកងទ័ពចេញនោះ ។

បន្ទាប់ពីជួបលោក ខាលីហាដ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ម៉ូហាម៉ាដ អាស្រាហ្វហ្គានី ( Mohammad Ashraf Ghani ) នៅក្នុងប្រតិកម្មយ៉ាងស្រួចស្រាវមួយ កាលពីថ្ងៃចន្ទនោះ បាននិយាយថា កិច្ចចរចាសន្តិភាពគួរតែដឹកនាំដោយពួកអាហ្វហ្គានីស្ថាន នឹងធ្វើជាម្ចាល់ដោយពួកអាហ្វហ្គា-នីស្ថាន ដើម្បីទទួលបាននូវលទ្ធផលដែលគេចង់បាន ។

កាសែត Daily Afghanistan –e-Ma បានសរសេរនៅក្នុងបទវិចារណកថា របស់ខ្លួនកាលពីថ្ងៃអង្គារថា ប្រជាជនអាហ្វហ្កានីស្ថានបានទទួលនូវការគ្រប់គ្រងរបស់ពួកតាលីបង់ម្តងហើយ ហើយមិនចង់ឃើញ ការគ្រប់គ្រងនេះកើតឡើងវិញទៀតទេ ។

ដោយពណ៌នាក្រុមតាលីបង់ថា ជាជាពួកភេរវជន និងជាឃាតករសម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន នោះ កាសែតនេះបាននិយាយបន្ថែមថា ពួកតាលីបង់​គ្រាន់តែមួយសប្តាហ៍កន្លងទៅបានវាយប្រហារ មជ្ឈមណ្ឌលយោធាមួយនៅក្នុងខេត្តវារដាក់ នៅភាគខាងកើត ដែលសម្លាប់បុគ្គលិកសន្តិសុខ មួយចំនួន ហើយឃាតករគេត្រូវតែចាប់ឱ្យទទួលខុសត្រូវនៅកន្លែងដទៃទៀតក្នុងពិភពលោក ។

កាសែត Daily Weesa បាននិយាយក្នុងបទវិចារណកថា របស់ខ្លួនថា មានសន្តិភាព និងការរស់នៅក្នុងសន្តិភាព​ គឺប្រសើរជាងអ្វីៗ ទាំងអស់ក្នុងពិភពលោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )