ការល្បាតរួមគ្នាតាមទន្លេមេគង្គលើកទី៧៨បានចាប់ផ្តើម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា  ឆ្នាំ២០១៩ — ការល្បាតរួមតាមទន្លេមេគង្គលើកទី៧៨ ដែលដឹកនាំដោយប្រទេសចិន, ឡាវ , មីយ៉ាន់ម៉ា និងថៃ បានចាប់ផ្តើមកាលពីថ្ងៃចន្ទចេញពីកំពង់ផែ Guanlei តំបន់ស្វយ័ត  Xishuangbanna Dai ក្នុងខេត្តយុនណាន ប្រទេសចិនភាគនិរតី ។

តាមការិយាល័យព័ត៌មានផ្នែកសន្តិសុខសាធារណៈថ្នាក់ខេត្តឱ្យដឹងថា នាវា៤គ្រឿងមកពីប្រទេស ទាំង៤បានចូលរួមនៅក្នុងការល្បាតរួមគ្នានេះ ដែលបានគ្រោងធ្វើរយៈពេល៤ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ប្រឆាំងអំពីភេរវកម្ម, ការពារសន្តិសុខ ព្រមទាំងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន ។

ការល្បាតរួមគ្នានេះបានចាប់ផ្តើមក្នុងខែធ្នូ ឆ្នាំ ២០១១ បន្ទាប់ពីក្រុមមួយបានប្លន់នាវាដឹកទំនិញ២ គ្រឿង ព្រមទាំងសម្លាប់នាវិកចិន១៣នាក់នៅក្នុងដែនទឹកថៃ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១១ ។

រហូតមកដល់ពេលនេះ ការល្បាតរួមគ្នានេះ បានបញ្ជូននាវា ៦៥៤គ្រឿង ព្រមទាំងគ្របដណ្តប់ក្នុងចម្ងាយជាង៤០.០០០ គីឡូម៉ែត្រជាមួយនឹងការសង្គ្រោះបាននាវាដឹកទំនិញ១២៣គ្រឿង ។ ទន្លេមេគង្គ ដែលគេស្គាល់ថា ទន្លេឡានចាង ក្នុងប្រទេសចិននោះ គឺជាផ្លូវទឹកយ៉ាងសំខាន់មួយ សម្រាប់ការដឹកជញ្ជូនតាមនាវាឆ្លងកាត់ព្រំដែន ក្នុងចំណោមប្រទេសចិន,ឡាវ ,មីយ៉ាន់ម៉ា , ថៃ ,កម្ពុជា និង វៀតណាម ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )