អង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ត្រៀមកម្លាំងនិងរថយន្តទឹក ដើម្បីអន្តរាគមន៍ពន្លត់អគ្គីភ័យ នៅថ្ងៃចូលឆ្នាំចិនខាងមុខ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្ត្រីនគរបាលនៃអង្គភាពពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ ឱ្យដឹងថា៖បានត្រៀមកម្លាំងជាច្រើននាក់ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យចំនួនជិត២០គ្រឿង សម្រាប់ជួយអន្តរាគមន៍ទៅលើគ្រោះថ្នាក់អគ្គីភ័យ ដែលអាចនឹងកើតមានឡើង នៅក្នុងអំឡុងពេលចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧ខែកុម្ភៈខាងមុខ។
លោក ព្រំ យ៉តប្រធានអង្គភាពនគរបាលពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ បានអោយដឹងថា​  អង្គភាពរបស់លោក បានត្រៀមកម្លាំងជាច្រើននាក់ ដាក់ពង្រាយនៅតាមគោលដៅចំនួន៨ ក្នុងរាជធានីភ្នំពេញ ដោយក្នុង១គោលដៅ មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ដើម្បីត្រៀមចាំអន្តរាគមន៍គ្រោះអគ្គីភ័យ ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុង នៅក្នុងអំឡុងពេលចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧ខែកុម្ភៈខាងមុខ។
លោកបញ្ជាក់ថា នៅក្នុងអំឡុងខែមករាឆ្នាំ២០១៩នេះ គ្រោះអគ្គីភ័យ បានកើតឡើង នៅក្នុងរាជធានីភ្នំពេញ ទាំងតូចទាំងធំ ចំនួន១០ករណីហើយ ខណ កាលពីឆ្នាំ២០១៨កន្លងទៅគ្រោះអគ្គីភ័យ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញសរុបចំនួន៩៦ករណី ។
ដោយឡែកក្នុងរយៈពេល២ថ្ងៃ ចាបពីថ្ងៃទី២៨ ដល់២៩មករា ឆ្នាំ២០១៩ គ្រោះអគ្គីភ័យបានកើតឡើងចំនួន៦ករណី នៅខេត្តបន្ទាយមានជ័យ កំពង់ធំ ព្រៃវែង កោះកុង និងខេត្តកណ្តាល។អគ្គីភ័យនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ឆេះតូបផ្សារអស់៤ទៅ៥តូប និងបំផ្លាញទ្រព្យសម្បត្តិ១ចំនួនធំ ដូចជា ស្រូវ សម្លៀកបំពាក់ គ្រឿងអល្ល័ង្កា គ្រឿងសង្ហារឹម ម៉ូតូ ប្រាក់ដុល្លារ ប្រាក់រៀល ប្លង់ដី រួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។ ប៉ុន្តែអគ្គីភ័យនេះ មិនបានបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះទេ ៕