វិទ្យាស្ថានប៉ាស្ទ័រ អំពាវនាវឲ្យពលរដ្ឋទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ខណៈបរិមាណជនរងគ្រោះដោយឆ្កែខាំកើនឡើង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្រ្តីវិទ្យាស្ថានប៉ាស្ទ័រ អំពាវនាវឲ្យពលរដ្ឋទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ខណៈបរិមាណជនរងគ្រោះដោយឆ្កែខាំកើនឡើង ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត លី សុវត្ថិ អនុប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានអោយដឹងថា នៅឆ្នាំ២០១៨កន្លងនេះ មានជនរងគ្រោះដោយសត្វខាំ ដែលភាគច្រើនសត្វឆ្កែនិងឆ្មាចំនួនជាង២ម៉ឺន៦ពាន់នាក់។ពោលគឺកើនឡើងលើសពីឆ្នាំ២០១៧ចំនួន៤ពាន់នាក់។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា តាមការប៉ាន់ស្មានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីឆ្នាំ២០០៧បានបង្ហាញថា កម្ពុជាមានអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតប្រមាណ៨០០នាក់ក្នុងមួយឆ្នាំៗ។
លោកវេជ្ជបណ្ឌិតបានពន្យល់អំពីគ្រោះថ្នាក់នៃឆ្កែខាំនេះ ថាមេរោគជំងឺឆ្កែឆ្កួត អាចចម្លងពីឆ្កែទៅមនុស្សតាមរយ:ទឹកមាត់ពេលសត្វទាំងនោះខាំលើមនុស្ស។ នៅពេលមេរោគជំងឺឆ្កែឆ្កួត ឆ្លងចូលទៅដល់ខួរក្បាលមនុស្សហើយគឺនឹងធ្វើឲ្យមនុស្សអាចស្លាប់មួយរយភាគរយ ខណៈមិនទាន់មានថ្នាំព្យាបាលនៅពេលនោះទេ។
យ៉ាងណាក៏ដោយ យើងមានថ្នាំបង្ការ សម្រាប់ចាក់ក្រោយពីសត្វខាំភ្លាមៗ ឬយ៉ាងយូរមិនឲ្យលើសរយៈពេល២ថ្ងៃ ដើម្បីកុំឲ្យហួសពេលដែលអាចសង្រ្គោះបាននោះ។
ការតម្រូវឲ្យចាក់ថ្នាំបង្ការនេះគឺដោយសារគេមិនអាចដឹងមុនថាសត្វដែលខាំមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតឬយ៉ាងណានោះឡើយ។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺនៅតែបន្តធ្វើតេស្តរកមេរោគជំងឺឆ្កែឆ្កួតលើវត្ថុវិភាគខួរក្បាលសត្វឆ្កែដែលទទួលបានពីតាមបណ្តាខេត្តនានា។ លទ្ធផលបានបង្ហាញថាមានមេរោគជំងឺឆ្កែឆ្កួតជាបន្តបន្ទាប់ដោយសារអ្នកចិញ្ចឹមសត្វឆ្កែភាគច្រើននៅកម្ពុជាគឺមិនបានយកឆ្កែរបស់ខ្លួន ទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺឆ្កែឆ្កួតនោះទេ។
ដើម្បីសម្រួលដល់ការមកចាក់ថ្នាំ បង្ការនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានទីតាំងនៅភ្នំពេញបានបង្កើតមជ្ឈមណ្ឌលមួយទៀតនៅខេត្តបាត់ដំបងដើម្បី បំរើប្រជាពលរដ្ឋពីខេត្តប៉ៃលិន,បន្ទាយមានជ័យ,សៀមរាបនិងពោធិ៍សាត់។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេសង្កេតឃើញមានគ្លីនិក និងមន្ទីរពេទ្យឯកជនមួយចំនួនក៏បានផ្តល់សេវាចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនេះផងដែរ៕