លោកជំទាវឈឹមពៅ សុកាន់ឌី ក្លាយជាអគ្គនាយិកាស្រ្តីដំបូងគេនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក្នុងរយះពេល៤០ឆ្នាំមកនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន

ភ្នំពេញ៖   លោកជំទាវឈឹមពៅ សុកាន់ឌី ត្រូវបានព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង  ជាអគ្គនាយិកា ថ្មីនៃអគ្គនាយកដ្ឋាន​វិទ្យុជាតិកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាលឲ្យជំនួសឯកឧត្តមទន់ សារ៉ាត ត្រូវបានទៅបំពេញភារៈកិច្ចថ្មី ជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ។   លោកជំទាវឈឹមពៅ សុកាន់ឌី គឺជាអគ្គនាយិកាស្រ្តីដំបូងគេបង្អស់នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ខណៈដែលក្នុងរយះពេល៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩កន្លងមកនេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឆ្លងកាត់ការដឹកនាំរបស់អគ្គនាយកជាបុរសចំនួន៥រូបរួចមកហើយ ហើយលោកជំទាវ ឈឹមពៅ សុកាន់ឌី គឺជា អគ្គនាយិកាទី៦នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករានេះ បាន ប្រកាសតែងតំាង ជាផ្លូវការ លោកជំទាវ ឈឹម ពៅសុកាន់ឌី ជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន បន្ទាប់ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។

ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដ៏សែនមហោឡារឹកនេះ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសម្តែងការអប់អរសាទរចំពោះលោកជំទាវ ឈឹមពៅ សុកាន់ឌី ដែលត្រូវបានតែតំាង​ជាអគ្គនាយិកាវិទ្យុជាតិកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា កន្លងមកនេះលោកជំទាវឈឹមពៅ សុកាន់ឌី បានបំពេញតួនាទីយ៉ាងសក​ម្មក្នុងការ​បំរើអង្គភាពវិទ្​​យុជាតិកម្ពុជា អោយសម្រេចបានសមិទ្ធិផលធំៗជាច្រើនជូនជាតិមាតុភូមិ ពិសេសការបំរើតាមតម្រូវការរបស់​​ប្រិយមិត្តអ្នកស្តាប់វិទ្យុជាតិកម្ពុជា ដូចជា កម្មវិធីព័ត៌មាន និងការកម្សាន្តនានា។

សម្លេង«ថ្ងៃនេខ្ញុំមានអារម្មណ៍សប្បាយរីករាយដោយសារយើងបានបំពេញ ឡើងវិញនូវអត្រា ២ភាគ៥ ដែលយើងតែង​តែកំណត់ថាក្នុងថ្នាក់ដឹកនាំគឺអោយមាននារី ហើយយើងមានអគ្គនាយក៥ តែងតែមាននារី ហើយទន្ទឹមនោះគឺជាការខិតខំ លើកកម្ពស់តួនាទីរបស់នារីទំាងនៅក្នុងសង្គមជាតិទំាងមូល ទំាងនៅក្នុងប្រព័ត៌ឃោសនាយើងដោយឡែក។

លោកជំទាវ ឈឹមពៅ សុកាន់ឌី ដែលត្រូវបានតែងតាំងជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារក្នុងតួនាទី មុខងាររបស់ខ្លួនឲ្យបានល្អប្រសើរ ក្រោមការដឹកនាំរបស់ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវនឹងជំរុញឲ្យមន្រ្តីនិងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាវិទ្យុជាតិកម្ពុជាគ្រប់នាយកដ្ឋានមានកិច្ចសហការនិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាអភិវឌ្ឍន៍អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាឲ្យកាន់តែរីកចំរើន ហើយប្រកួតប្រជែង​បានជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើបៗដ៏សម្បូរបែបដែលកំពុងកើតមានឡើងជាមួយវិទ្យុឯកជននានា។

សម្លេង«នាងខ្ញុំយល់យ៉ាងច្បាស់ណាស់ថា ការទទួលបាននូវតួនាទីថ្មី ជាអ្នកដឹកនាំស្ថាប័នមួយ គឺជាកិត្តិយស​ដ៏ឧត្តុង្គឧត្តមបំផុត ប៉ុន្តែការដឹកនាំស្ថាបន័នោះអោយប្រព្រឹត្តទៅដោយជោគ​ជ័យគឺកាន់តែសំខាន់ជាងនេះទៅទៀត។
សូមបញ្ជាក់ថា លោកជំទាវឈឹមពៅ សុកាន់ឌី ត្រូវបានចូលបំរើការងារដំបូងនៅការសែតប្រជាជន ហើយបានផ្ទេរមកបំរើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅដើមទសវត្ស៩០។

ក្នុងរយះពេលជិត៣០ឆ្នាំមកនេះលោកជំទាវបានខិតខំបំពេញការងារនៅក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាយ៉ាងសកម្ម ហើយត្រូវ​បានថ្នាក់ដឹកនាំផ្តល់តួនាទីជាបន្តបន្ទាប់ រហូតក្លាយជាអគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៕