សហគ្រាសសិប្បកម្មធុនតូច និងមធ្យមជាង៥០ម៉ឺនសហគ្រាសកំពុងបដិវត្តន៍ ទៅរកឧស្សាហកម្មជំនាន់ទី៤

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងថា សហគ្រាសសិប្បកម្មធុនតូច និងមធ្យមជាង៥០ម៉ឺនសហគ្រាសកំពុងបដិវត្តន៍ទៅរកឧស្សាហកម្មជំនាន់ទី៤ ដើម្បីជំរុញកំណើនវិនិយោគឲ្យកាន់តែប្រសើរឡើង ស្របពេលពាណិជ្ជកម្មទីផ្សារសេរីកំពុងមានការប្រកួតប្រជែង។


ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ក្រសួងបានលើកទឹកចិត្តដល់សហគ្រាសទំាងនោះ ក្នុងការសិក្សាស្រាវជ្រាវចាប់យកឱកាសពីការរីកចម្រើន នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលស្តែងឱ្យឃើញពីការរីកចម្រើនបច្ចេកវិទ្យានៅកម្ពុជា ស្របទៅនឹងបរិបទពិភពលោក។
ថ្លែងក្នុងជំនួបជាមួយគណៈកម្មការជំនាញរដ្ឋសភា កាលពីល្ងាចថ្ងៃទី២៨ ខែមករា នាវិមានរដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមទាំងនោះ ភាគច្រើនមានដូចជា សហគ្រាសកែច្នៃម្ហូបអាហារ សហគ្រាសគាំទ្របម្រើដល់វិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសកែច្នៃ ផលិតផលប្រើប្រាស់ទូទៅ ជាដើម។ ឯកឧត្តម មានប្រសាសន៍ថា វិស័យឧស្សាហកម្មនេះ បានរួមចំណែកមួយផ្នែកធំដល់កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ឯកឧត្តម បានបន្តថា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋ ក្រសួងបានផ្តោតជាសំខាន់ខាងអនាម័យ ស្តង់ដារផលិតផល និងមាត្រាសាស្ត្រ ព្រមទាំងពង្រឹងប្រសិទ្ធិភាព ការចុះធ្វើអធិការកិច្ចតាមបណ្តារោងចក្រសហគ្រាស ការគៀងគរនិងណែនាំឲ្យបណ្តាសហគ្រាសខ្នាតតូចនិងមធ្យមមកចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ឲ្យបានច្រើន និងជំរុញអនុវត្តឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាដើម ។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ ទុកវិស័យសហគ្រាសធុនតូច និងមធ្យម ជាឧស្សាហកម្មមួយរបស់កម្ពុជា ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ។ លោកជំទាវ មានប្រសាសន៍ថា ការងារឧស្សាហកម្ម និងសិប្បកម្មបានចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេសជាតិ។
សហគ្រាស និងរោងចក្រ បានរួមចំណែកជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ បង្កើតការងារដល់ប្រជាពលរដ្ឋ និងរក្សាកំណើនសេដ្ឋកិច្ចជាតិឲ្យនៅថេរក្នុងរង្វង់អត្រា៧ភាគរយ៕