១៤ក្រុមចូលរួមប្រជែងជើងឯក ពានរង្វាន់បាល់ទាត់ក្នុងសាលRTC រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០៩ — ក្រុមបាល់ទាត់ក្នុងសាលចំនួន១៤ក្រុមបានស្ម័គ្រចិត្តចូលរួមប្រជែងម្ចាស់ដំណែងជើងឯក ពាន រង្វាន់ RTC រដូវកាល២០១៩ ដោយបានប្រកាសបើកការប្រកួត កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅទីលាន The Blue Sport រាជធានីភ្នំពេញ។លោក ស្រស់ ភារម្យ ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ RTC ឆ្នាំ២០១៩ បានឱ្យដឹងថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីជួយរួមចំណែក អភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងសាលនៅព្រះរាជាណាចក្រកកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការរៀបចំឱ្យមានការប្រកួតប្រជែងច្រើន និងដើម្បីឱ្យប្អូនៗដែលស្រឡាញ់ចូលចិត្ត លេងបាល់ទាត់ក្នុងសាលបានបង្ហាញសមត្ថភាពរបស់ខ្លួននៅលើទីលានបាល់ទាត់ស្តង់ដារ មួយនេះផងដែរ។

លោកបញ្ជាក់ថា សម្រាប់ក្រុមចូលរួមមានចំនួន១៤ក្រុម ដែលត្រូវបានចែកចេញជាពីរ ពូល ហើយក្នុង១ពូលមាន៧ក្រុម ដោយត្រូវប្រកួតវិលជុំក្នុងពូល១ជុំ បន្ទាប់មកជ្រើសរើស ៤ក្រុម ដើម្បីឡើង ទៅវគ្គខ្វែងវគ្គ៤ក្រុមចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតនេះ ចាប់ផ្តើម ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៩ រាល់ល្ងាចថ្ងៃអាទិត្យ និងចន្ទ នៅ ទីលាន The Blue Sport។

ចំពោះរង្វាន់លេខ១ នឹងទទួលពាន១ មេដាយមាសចំនួន២០គ្រឿង ទឹកប្រាក់៨លានរៀល,​ លេខ២ មេដាយប្រាក់ចំនួន២០គ្រឿង អមដោយប្រាក់រង្វាន់ ៤លានរៀល ខណៈលេខ៣ មេដាយសំរឹទ្ធិចំនួន២០គ្រឿង អមដោយទឹកប្រាក់២លានរៀល។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ RTC ឆ្នាំ២០១៩ នេះទទួលបានការឧបត្ថម្ភគាំទ្រ​ដោយ Ubet368 ដែលជា website កម្សាន្តតាមអនឡាញ ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពី​ប្រទេសហ្វីលីពីន៕

ដោយ ហេង​ ណាលីន