ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនណែនាំឱ្យបង្កើនការផ្សព្វផ្សាយគ្រោះថ្នាក់នៃគ្រឿងញៀន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿនប្រចាំខេត្តស្ទឹងត្រែង៖

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំរុញឱ្យគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ខេត្តក្រុងជាពិសេសខេត្តមានភូមិសាស្ត្រជាប់ទឹកដីនៃប្រទេស(ថៃ-ឡាវ-វៀតណាម)បង្កើនយន្តការរួមគ្នាពង្រឹកប្រពន្ធ័ផ្សព្វផ្សាយឱ្យបានកាន់តែទូលាយធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹងប្រសើរជាងធ្វើសកម្មភាពការបង្ក្រាប។
ក្នុងសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្តនិងការអនុវត្តផែនការភូមិឃុំសង្កាត់ (ស) គ្មានគ្រឿងញៀននៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី២៩មករាឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ.គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា៖ក្នុងយុទ្ធនាការធ្វើឡើងរយៈពេល២ឆ្នាំកន្លមកនេះយើងទទួលបានជោគជ័យយ៉ាងធំធេងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងយល់ដឹងបានច្រើនមិនមានការចាញ់បោកតាមការញុះញុងរបស់មេក្លោងទៀតទេ។ឯកឧត្តមប្រធានមានប្រសាសន៍បន្ថែមថា៖នៅឆ្នាំ២០១៩នេះយើងពង្រីកទៅដល់ភូមិឃុំសង្កាត់(ស)គ្មានគ្រឿងញៀនធ្វើយ៉ាងណា ឱ្យប្រពន្ធ័អប់រំផ្សព្វផ្សាយស្តីពីការគ្រោះថ្នាក់នៃគ្រឿងញៀននេះបានទូលាយជាងមុន។


(សំឡេង)ធ្វើម៉េចកុំឱ្យយុវជននៅតែចង់ប្រើប្រាស់គ្រឿងញៀនអាហ្នឹងមួយ- អញ្ចឹងបានន័យថាគ្រឿងញៀនចូលទៅបានបាចតាមភូមិឃុំ តែយើងប្រមូលបានមកវិញវាតិចតួចណាស់វាបង្ហាញអញ្ចឹង។
ឯកឧត្តម ម៉ុម.សារឿន អភិបាលខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖បញ្ហាគ្រឿងញៀន នៅខេត្តស្ទឹងត្រែងចេះតែកើតមានមែន ព្រោះខេត្តនេះរងគ្រោះដោយសារតែជនឧក្រិដ្ឋគ្រឿងញៀនយកទឹកដីភូមិសាស្ត្រឆ្លងកាត់ហើយប៉ុន្មានឆ្នាំចុងក្រោយនេះសមត្ថកិច្ចបានសហការគ្នាប្រើប្រាស់គ្រប់មធ្យោបាយធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។ឯកឧត្តមបន្តថា៖នៅឆ្នាំ២០១៨សមត្ថកិច្ចបង្ក្រាបបាន៥៦ករណីធ្វើកម្មវិធីអប់រំផ្សព្វផ្សាយបាន៣៣៨លើក នឹងអនុវត្តធ្វើឱ្យភូមិសគ្មានគ្រឿងញៀនមានភូមិខាំផាន់នៅក្នុងសង្កត់សាមគ្គីក្រុងស្ទឹងត្រែងនិងភូមិលើនៅក្នុងឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់មានព្រំប្រទល់ជាប់ទឹកដីនៃប្រទេសឡាវ។


លោកអ៊ន.ជូនមេភូមិខាំផាន់បានយល់ថា៖ជាមួយនិងភូមិសគ្មានគ្រឿងញៀនគណកម្មការភូមិឃុំមានបទពិសោធខ្លះៗហើយ តែក្រោយពីបានមកចូលរួមធ្វើសិក្ខាសាលានេះនិងយកនៅយន្តការថ្មីៗដែលទទួលបានទៅធ្វើពិគ្រោះយោបល់គ្នាបន្ថែមទៀតដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការភូមិឃុំសង្កាត់សគ្មានគ្រឿងញៀនទទួលបានជោគជ័យ។
សូមបញ្ជាក់ថា៖សិក្ខាសាសាស្តីពីផែនការត្រួតពិនិត្យគ្រឿងញៀននេះមានរយៈ២ថ្ងៃចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០មករាដោយមានសមាជិកចូលរួមចំនួនជាង២០០នាក់ក្នុងនោះមកពីខេត្តមានភូមិសាស្ត្រជាប់ព្រំដែននៃប្រទេសជិតខាងចំនួន១២ នឹង សមាសភាពគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រទេសវៀតណាម ឡាវ និងថៃដែលមានទឹកដីជាប់ព្រំដែនគ្នាក៍បានមកចូលរួមផងដែរ។