កងទ័ពជើងទឹកមូលដ្ឋានសមុទ្រប្រគល់ថវិកាចំនួន ៦០លានរៀលជួយមន្ទីរពេទ្យគន្ធបុប្ផា

វិទ្យុជាតិកម្ពុជា​៖

កងទ័ពជើងទឹកមូលដ្ឋានសមុទ្របានប្រគល់ថវិកាចំនួន ៦០លានរៀលដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីផ្តល់លទ្ធភាពដល់មន្ទីរពេទ្យនេះបន្តរក្សាបាននូវសេវាព្យាបាលមានគុណភាពសំរាប់កុមារ និងស្រ្តីកម្ពុជាជារៀងរហូត ។
ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូនាំយកថវិកាចំនួន៦០,០០០,០០០,៛ (ហុកសិបលានរៀល) ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជួយដល់កុមារក្រីក្រកម្ពុជា តាមវីរភាពលោកវេជ្ជបណ្ឌិត បេអាត រិចន័រ (Beat Richner) បិតាស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផា។
ឯកឧត្តមបានមានប្រសាសន៍ថា ថវិកាដែលប្រគល់ជូននាពេលនេះបានមកពីការស្ម័គ្រចិត្តបរិច្ចាកថវិកាផ្ទាល់ខ្លួនរបស់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រទាំងអស់ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា រួមចំណែកជាមួយរាជរដ្ឋាភិបាល ព្រមទាំងជាមួយកាកបាទក្រហមកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស សម្រាប់ជួយសង្គ្រោះ កុមារកម្ពុជាដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
នៅក្នុងឱកាសនោះដែរតំណាងមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះទឹកចិត្ត ដ៏សប្បុរសរបស់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រទាំងអស់ ដែលបរិច្ចាកថវិការផ្ទាល់ខ្លួនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយថវិកាទំាងនេះពិតជាមានតម្លៃណាស់ មិនអាចកាត់ថ្លៃបានសម្រាប់ការជួយសង្គ្រោះកុមារកម្ពុជា៕