អជ្ញាធរខេត្តក្រចេះ ដាក់វិធានការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖


អជ្ញាធរខេត្តក្រចេះពង្រឹងវិធានការផ្តល់សេវាកម្មទេសចរណ៍នានាឲ្យកាន់តែ ល្អប្រសើរបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណះដែលបច្ចុប្បន្ន ភ្ញៀវទេសចរដែលមកលេងកម្សាន្តមានការកើនឡើង។
លោក ចាន់ សុគន្ធី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរទេសចរណ៍បានបង្កើនការបណ្តុះបណ្តាល ដល់ម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងខេត្តទាំងអស់ លើផ្នែក បដិសណ្ឋារកិច្ចជូនដល់ភ្ញៀវទាំងកន្លែងស្នាក់នៅ និងកន្លែងកម្សាន្ត និងការផ្តល់សេវាម្ហូបអាហារមានអនាម័យ និងតម្លៃសមរម្យ។ លោកថា មន្ទីរក៏និងជំរុញការត្រួតពិនិត្យបន្ថែមទៀតនៅតាមមូលដ្ឋានអាជីវកម្ម ដែលពុំទាន់មានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ហើយជំរុញឲ្យពួកគេ ទៅដាក់ពាក្យស្នើសុំច្បាប់ អាជីវកម្មអោយបានត្រឹមត្រូវ ដើម្បីងាយស្រួលអោយមន្ទីរ ចុះជួយនៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
សំរាប់គោលដៅ នៅក្នុងឆ្នាំ ២០១៩ ដែលជារួមគឺយើងផ្ដោតទៅលើការយកចិត្តទុកដាក់សហការជាមួយអង្គការដៃគូ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍។និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរៀបចំក្រុមការយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ជាពិសេសម្ចាស់សេវាកម្មស្នាក់ឲ្យលោកយកចិត្តទុកដាក់អំពីបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយទៅនឹងបទបំរាមត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទស្ត្រីនិងកុមារក្នុងវិស័យទេសចរណ៍។ ហើយគ្រប់ម្ចាស់អាជីវកម្មរៀងខ្លួន ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយច្បាប់ ពង្រឹងច្បាប់ ដើរចេញសារាចរណែនាំលិខិតបទដ្ឋាន គតិយុទ្ធរបស់ក្រសួងទេសចរណ៍ឱ្យបានគ្រប់ ហើយជ្រួតជ្រាបដល់ប្រជាពលរដ្ឋនិងប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តក្រចេះនិងយកចិត្តទុកដាក់ដោយសហការជាមួយសមត្ថកិច្ចនគរបាលទេសចរណ៍ដើម្បីពង្រឹងការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរឲ្យបានល្អប្រសើរ។
លោកបានឲ្យដឹងទៀតថា មន្ទីរគ្រោងកែលំអ តំបន់ទេសចរណ៍សំបូរលើ ដែលមានទីតាំងនៅកំពង់ព្នៅ ឃុំកោះខ្ញែ ស្រុកសំបូរ ដែលតំបន់នោះមានទឹកហូរ និងមានខ្សាច់ ថ្ម ក្នុងទឹកទន្លេមេគង្គ គឺកំពុង តែមាន សក្កាពល ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល និងគួរឲ្យទាក់ទាញ ។
មន្ទីរទេសចរណ៍ យើងបានរៀបចំនិងសិក្សានៅតំបន់ទេសចរណ៍មួយចំនួនដូចជា នៅស្រុក សំបូរ ដែលហៅថាវត្តសសរមួយរយ និងសហគមន៍កោះផ្តៅ តំបន់កោះខ្ញែរតំបន់ភូមិកំពង់ចាម ស្រុក សំបូរ ខេត្តក្រចេះ ដែលតំបន់នេះនៅ ឆ្ងាយ ហើយនៅក្នុងទឹកចិត្តរបស់ភ្ញៀវទេសចរ មន្ទីរនិងខិតខំ សិក្សា រៀបចំថវិកាសំរាប់អភិវឌ្ឍនៅតំបន់ទាំងអស់នោះ ធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យភ្ញៀវ ទេសចរជាតិ-អន្តរជាតិទទួលស្គាល់ និងបានធ្វើដំណើរទៅកំសាន្តនៅពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែល បានមកលេងកម្សាន្ត នៅក្នុងខេត្តក្រចេះ មានចំនួន ជាង៣៤ម៉ឺន ៩ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ជាង៣២ម៉ឺននាក់ កើនជាង១៦ភាគរយបើធៀបកាលពីឆ្នាំ២០១៧ និងអន្តរជាតិចំនូន ជាង២ម៉ឺន៥ពាន់នាក់ កើន៤,៨ភាគរយ៕