ប្រមុខការទូតកម្ពុជាណែនាំដល់ក្រុមអង្គការសង្គមស៊ីវិលលកុំភ្ជាប់ខ្លួននឹងការលាងលុយកខ្វក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ប្រមុខការទូតកម្ពុជា បានណែនាំដល់ក្រុមអង្គការសង្គមស៊ីវិលលដែលប្រតិបត្តិការនៅកម្ពុជា កុំឲ្យភ្ជាប់ខ្លួននឹងការលាងលុយកខ្វក់ ដែលនាំឲ្យប៉ះពាល់ដល់នយោបាយ និងលំហូរការវិនិយោគពីបរទេស។


ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ នៅថ្ងៃទី ២៩ ខែមករានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា សមាគម និងអង្គការសង្គមស៊ីវិលបរទេសដែលប្រតិបត្តិការ នៅកម្ពុជាមិនអាចជាប់ពាក់ព័ន្ធនឹងការលាងសម្អាតលុយកខ្វក់បាននោះឡើយ។ ឯកឧត្តមមានប្រសាសន៍ថា «…សមាគម និងអង្គារសង្គមស៊ីវិលបរទេស ត្រូវចៀសវាងការលាងលុយកខ្វក់នៅកម្ពុជា និងមិនត្រូវសកម្មភាពទាំងឡាយណា ជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យដែលបានកំណត់ឡើងដោយក្រុមប្រទេសអាស៊ី-ប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដើម្បីជៀសផុតពីការធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ស្ថាប័ននេះ និងកុំឲ្យមានជាបច្ច័យអវិជ្ជមានដល់កម្ពុជាលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយ ជាដើម»។ ឯកឧត្តម បានឲ្យអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនតាមប្រព័ន្ធធនាគារដែលស្របច្បាប់ និងមានអាជ្ញាប័ណ្ណផ្លូវការចេញដោយធនាគារជាតិ នៃកម្ពុជា។
ប្រមុខការទូតកម្ពុជារូបនេះ ក៏បានព្រមានដោយការអនុវត្តច្បាប់ជាធរមានចំពោះអង្គការសង្គម ស៊ីវិលបរទេស និងក្នុងស្រុកទាំងឡាយ ដែលអនុវត្តការងារផ្ទុយពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់ថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមទម្រង់អនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលមានសុពលភាព៣ឆ្នាំ និងអាចបន្តសុពលភាពបាន។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ នៅកម្ពុជា មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៣៨៦ នៅមានសុពលភាព ហើយអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងនោះមកពីប្រទេសផ្សេងៗនៃទ្វីបអាស៊ី អាមេរិក អឺរ៉ុប និងអូស្រ្តាលី ដែលប្រតិបត្តិការលើគម្រោងសំខាន់ៗដូចជា៖ វិស័យអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍សហគមន៍ បរិស្ថាន និងបោសសម្អាតមីន ជាដើម៕