កំណាត់ផ្លូវជាតិលេខ៥នឹងក្លាយជាផ្លូវប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ឹម ភិរក្សនារីរតនៈ ៖រដ្ឋមន្រ្តីក្រសួងសាធារណការបានអះអាងថា ការអភិវឌ្ឍកំណាត់ផ្លូវជាតិលេខ៥នឹងក្លាយជាផ្លូវប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយប្រទេសចំនួន៤ផ្សេងទៀតក្នុងតំបន់អាស៊ាន និងប្រទេសចិន។


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា កំណាត់ផ្លូវជាតិលេខ៥ គឺមានសក្តានុពលខ្លំាងសម្រាប់វិស័យដឹកជញ្ជូនឆ្លងដែន ដែលតភ្ជាប់ពីប្រទេសចិន ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងឆ្លងកាត់ផ្លូវជាតិលេខ១ឆ្ពោះទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) កាលពីថ្ងៃទី ២៨ ខែកមរា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលហៅកាត់ថា JICA។ ឯកឧត្តមបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវេ ដែលជាផ្លូវមួយប្រកបដោយសក្តានុពលសម្រាប់ការដឹកជញ្ចូនទំនិញ អាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ ថែមទាំងបានធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនេះមានភាពងាយស្រួល និងជួយឲ្យមានកំណើនវិស័យសេដ្ឋកិច្ចនៅកម្ពុជាមានការរីកចំរើន និងអាចទាក់ទាញអ្នកវិនិយោគបរទេសមកអភិវឌ្ឍន៍បន្ថែមទៀត ។


ឯកឧត្តមបន្តថា ក្នុងអំឡុងពេលស្ថាបនាផ្លូវនេះក្រសួងនឹងដាក់ផ្លាកសញ្ញាសុវត្ថិភាព នៅតាមការដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សម្លេង ៖ ដើម្បីអោយការដឹកជញ្ជូននេះវាបានលឿនផង មានប្រសិទ្ធិភាពផងជៀសវាងទាំងគ្រោះថ្នាក់ផងដែរ ទំនិញត្រូវបានឆ្លងកាត់ច្រើន អញ្ចឹងប្រទេសយើងគឺបានចំណេញច្រើននៅពេលដែលមានផ្លូវពី២គន្លងទៅ៤គន្លង ធ្វើឲ្យការដឹកទំនិញទៅមកនោះបានលឿន ជួយកាត់បន្ថយតំលៃនៃការដឹកជញ្ជូនរបស់យើង ។
សូមបញ្ចាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលសរុបប្រវែងជាង ១៤៦គ.មដោយចាប់ពី ធ្លាម្អម-បាត់ដំបង មានប្រវែងជាង ១១០ គ.ម និងរួមបញ្ជូលផ្នែកចុងក្រោយ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ជាង៣៥ គ.ម ។ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់គម្រោងនេះសម្រាប់កញ្ចប់ទី១ កញ្ចប់ទី២ និងកញ្ចប់ទី៣ រួមមាន៖ ទី១ ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture ទី២ ក្រុមហ៊ុន OBAYASHI Corporation
និងទី៣ ក្រុមហ៊ុន TEKKEN-IKEE Joint Venture ៕