ក្រសួងកសិកម្ម និង​ចាត់វិធានចំពោះក្រុមឈ្មួញណាដែលដើរទិញស្រូវពីកសិករដោយបញ្ចុះថ្លៃហួសហេតុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា៖ក្រសួង នឹងទប់ស្កាត់ ទៅលើ សកម្មភាពអ្នកដើរទិញស្រូវពីកសិករ ហើយបញ្ចុះតម្លៃទាបហួសហេតុមិនសមរម្យ។


ឯកឧត្តម ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍អោយដឹងថា៖ក្រសួងបានណែនាំទៅអាជ្ញាធរខេត្តទាំងអស់ ឱ្យហៅឈ្មួញទិញស្រូវទាំងឡាយមកជួបប្រជុំ ដើម្បីពិភាក្សាទៅលើការទិញស្រូវពីកសិករ កុំបញ្ចុះថ្លៃខ្លាំងពេក ។


ឯកឧត្តម បញ្ជាក់ទៀតថា៖នៅថ្ងៃទី៣០ខែមករា ក្រសួងកសិកម្មគ្រោងនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនវៀតណាមមួយចំនួន ដែលទទួលទិញស្រូវពីប្រទេសកម្ពុជានោះដែរ។ ទោះជាយ៉ាងណាក្រសួងកសិកម្ម នៅមិនទាន់អាចកំណត់តម្លៃនៃការទិញស្រូវ ពីកសិករនោះ ថាប៉ុន្មានរៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃសមរម្យនៅឡើយទេ។ វិធានការរបស់ក្រសួងកសិកម្ម ដែលទប់ស្កាត់សកម្មភាពដើរទិញស្រូវពីកសិករ ដោយបញ្ចុះថ្លៃនេះ បានធ្វើឡើងបន្ទាប់ពី មានក្រុមឈ្មួញខិលខូចខ្លះ ឆ្លៀតឱកាសដើរទិញស្រូវពីកសិករ ហើយបញ្ចុះតម្លៃយ៉ាងខ្លាំង ក្រោមលេសថា៖ដោយសារតែសហគមន៍អឺរ៉ុប បានយកពន្ធពីការនាំចេញអង្ករខ្មែរ ទើបធ្វើឱ្យអង្ករចុះថោកដូច្នេះ។


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ នៅឯខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ខែមករាថា៖ឯកឧត្តម ប្រឆាំងចំពោះសកម្មភាពដើរទិញស្រូវ ពីប្រជាកសិករដោយបញ្ចុះតម្លៃទាបពេក។ឯកឧត្តម បានលើកយកបញ្ហាតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះនាពេលនេះ មកពិភាក្សា ព្រមទាំងធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យរៀបចំកិច្ចប្រជុំជាបន្ទាន់ ដោយអញ្ជើញមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមហ៊ុន ឬឈ្មួញប្រមូលទិញស្រូវ ពិសេសអភិបាលនៃគណអភិបាលខេត្ត ដើម្បីសិក្សាពីបញ្ហា រួចដាក់ចេញនូវយន្តការដោះស្រាយនិងចុះអន្តរាគមន៍ជូនប្រជាពលរដ្ឋជាបន្ទាន់។
ក្រសួងកសិកម្ម ចាត់ទុកសកម្មភាពដើរទិញស្រូវពីប្រជាកសិករ ដោយបញ្ចុះតម្លៃហួសហេតុនោះ គឺជាអំពើវិទ្ធង្សនាសេដ្ឋកិច្ចដែលបង្កឡើងដោយជនអគតិ។ជនទាំងនោះបានយកលេសក្រោម ហេតុផលថាមូលហេតុ ដែលតម្លៃស្រូវធ្លាក់ចុះ នាពេលនេះ គឺបណ្តាលមកពីសហភាពអឺរ៉ុប បានយកពន្ធពីការនាំចូលអង្ករពីកម្ពុជាចំនួន ២០០ដុល្លារក្នុង១តោន ទើបធ្វើឱ្យការទិញស្រូវត្រូវចុះថ្លៃ ៕