កំណើនពាណិជ្ជកម្មចិន  – អាស៊ានផ្តល់ឱកាសដល់ពួកអ្នកនាំចេញម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ — សមាគមពាណិជ្ជកម្មសម្រាប់ចិន និងអាស៊ានមួយដែលមានមូលដា្ឋននៅប្រទេសម៉ាឡេស៊ី បាននិយាយពីថ្ងៃចន្ទនេះថា កំណើនពាណិជ្ជកម្ម រវាងចិន និងអាស៊ាន កំពុងផ្តល់ឱ្យពួកអ្នកនាំចេញម៉ាឡេស៊ីនូវ ឱកាសមួយ ដើម្បីស្រូបចូលទៅក្នុងទីផ្សារចិនដ៏ធំ ។

លោក លីម ហ្គេត តុង ( Lim Gait Tong  ) ប្រធានសមាគមពាណិជ្ជកម្មចិន – អាស៊ាន ( CABA  ) បាននិយាយថា ពាណិជ្ជកម្មអាស៊ានជាមួយចិនបានកត់ត្រាឃើញនូវអត្រាកំណើន ដែលខ្ពស់ជាងកំណើនជាមួយសហភាពអឺរ៉ុបហើយនិង ស.រ.អា  ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama  បានដកស្រង់សម្តីលោកដែលនិយាយថា ដូច្នេះនេះគឺជាឱកាសមួយ ហើយនិន្នាការកំណើននេះ នឹងផ្តល់ឱ្យនូវសក្តានុពលយ៉ាងធំសម្រាប់ពួកអ្នកនាំចេញម៉ាឡេស៊ី ។

CABA គឺជាក្រុមជំរុញពាណិជ្ជកម្មមួយ ដែលធ្វើការសម្របសម្រួលការទាក់ទងគ្នារវាងសភា  ពាណិជ្ជកម្ម , សមាគមឧស្សាហកម្ម , ស្ថាប័ន ពាណិជ្ជកម្ម ព្រមទាំងសហគ្រាសនានានៅក្នុងរង្វង់ប្រទេសចិន និង     អាស៊ាន នៅក្រោមក្របខ័ណ្ឌ តំបន់ពាណិជ្ជកម្មសេរី ចិន  –  អាស៊ាន ។ លោកបាននិយាយថា មានការផ្លាស់ប្តូរទស្សនៈគ្នាដ៏ល្អមួយលើបញ្ហាសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាងចិន និងអាស៊ាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )