សិក្ខាសាលាលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩​ — សិក្ខាសាលាមួយស្តីពីផ្លាស្ទិក សំរាម និងវដ្តជីវិតរបស់ផលិតផលមួយ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការការពារបរិស្ថាន។

លោក Do Van Nguyet ប្រធានមជ្ឈមណ្ឌល Live & Learn បាននិយាយថា ព្រឹត្តិការណ៍នេះផ្តល់នូវវេទិកាមួយដើម្បីពិនិត្យឡើងវិញនូវការផ្លាស់ប្តូរនៃការកែច្នៃកាកសំណល់ ការអនុវត្តបៃតង និងគំនិតផ្តួចផ្តើមការពារបរិស្ថាន។

លោកស្រី Chau Ngoc Cam Van អនុប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថាន នៃទីក្រុងបាននិយាយប្រាប់អំពីដំណើរមួយ ក្នុងការសន្សំប្រអប់ទឹកដោះគោក្រដាស ដែលត្រូវបានប្រមូលដោយក្រុមមនុស្សវ័យក្មេងដើម្បីផ្ទេរទៅរោងចក្រកែច្នៃឡើងវិញដើម្បីផលិតជាក្រដាស និងដំបូលអេកូឡូស៊ី ពីអាលុយ-   មីញ៉ូម និងផ្លាស្ទិក។

លោកស្រីបាននិយាយថា ប្រអប់ទឹកដោះគោក្រដាសប្រហែល ១៥ប៊ីលាន ត្រូវបានប្រើប្រាស់ទូទាំងប្រទេសជារៀងរាល់ឆ្នាំដែលស្មើនឹង ១៥០.០០០តោន ដែលអាចត្រូវបានកែច្នៃជាសៀវភៅសរសេរ និងសៀវភៅកត់ត្រា ក្រដាសបោះពុម្ព និងប្រអប់ក្រដាស។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែតម្លៃទាប និងក្លិនស្អុយរបស់វាធ្វើឱ្យការកែច្នៃនៅមានកម្រិត។

លោកស្រី Le Hoang Phuong មកពីគណៈកម្មាធិការគ្រប់គ្រងគម្រោង ៦ នៃក្រសួងដឹកជញ្ជូន បាននិយាយថា ដោយសារតែការអភិវឌ្ឍបច្ចេកវិជ្ជា កាកសំណល់អេឡិចត្រូនិកមានការកើនឡើង រួមទាំងទូរទស្សន៍ ម៉ាស៊ីនបោះពុម្ព និងទូរស័ព្ទដៃ ដែលមានសារធាតុគីមីពុល ដូចជា បារត មេដែក ស្ពាន់ អាលុយ-     មីញ៉ូម ដែក និងស័ង្កសី។ ដោយគ្មានការកែច្នៃឱ្យបានត្រឹមត្រូវ ពួកវាអាចបំពុលដី ទឹក និងខ្យល់បាន។

លោកស្រីបាននិយាយបន្ថែមថា នៅទីក្រុងហាណូយ ចំណុចប្រមូលសំរាមអេឡិចត្រូនិចឥតគិតថ្លៃត្រូវបានដាក់ឱ្យដំណើរការនៅស្រុក Hoan Kiem ស្រុក Ba Dinh និងស្រុក Cau Giay ដែលលោកស្រីបានស្នើសុំថា កាកសំណល់អេឡិចត្រូនិចទាំងនោះគួរត្រូវបានបែងចែកនៅតាមផ្ទះនីមួយៗដើម្បីភាពងាយស្រួលក្នុងការយកទៅធ្វើការកែច្នៃឡើងវិញ។

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌល Live & Learn និងមជ្ឈមណ្ឌលវប្បធម៌បារាំង និងយុវសភាវៀតណាម ដែលជាផ្នែកមួយនៃគម្រោងស្អាត – ទីក្រុងបៃតង ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលមានគោលបំណងដើម្បីផ្តល់ប្រយោជន៍ដល់កុមារ យុវជន និងប្រជាជនក្នុងតំបន់ ជាពិសេសផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយកសារបំពុលបរិស្ថាននៅទីក្រុងហាណូយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)