ការផ្អាកការងាររបស់រដ្ឋការអាមេរិករយៈពេល៣៥ថ្ងៃធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រហែល១១ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៩.០១.១៩)

អាមេរិក៖ របាយការណ៍ពីការិយាល័យថវិកាជាតិរបស់សភាអាមេរិក (CBO)បានឱ្យដឹងកាលពីថ្ងៃចន្ទថាការផ្អាកការងាររបស់រដ្ឋការរយៈពេលយ៉ាងយូរនេះបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់ចំនួនប្រហែល ១១ ពាន់លានដុល្លារ។

ការផ្អាកការងាររយៈពេល ៥ សប្តាហ៍បានកាត់បន្ថយផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ៤ ឆ្នាំ ២០១៨ ចំនួន ៣ពាន់លានដុល្លារឬ ០,១ ភាគរយនិងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី ១ ឆ្នាំ ២០១៩ ចំនួន ៨ពាន់លានដុល្លារឬ ០,២ ភាគរយ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំកាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់មួយដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី ១៥ខែកុម្ភៈដោយទុកពេលវេលាសម្រាប់សេតវិមាននិងគណបក្សប្រជាធិបតេយ្យធ្វើការចរចាស្តីពីសន្តិសុខតាមព្រំដែនដែលបានជាប់គាំងនាំឱ្យរដ្ឋាភិបាលបិទទ្វាររយៈពេល ៣៥ ថ្ងៃមកហើយ។