អាកាសធាតុនៅកម្ពុជា នឹងចាប់ផ្ដើមកើនកំដៅឡើងវិញ ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី២៩ ខែមករានេះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ អាកាសធាតុនៅកម្ពុជា នឹងចាប់ផ្ដើមកើនកំដៅឡើងវិញ ដោយសារសម្ពាធខ្ពស់នៅប្រទេសចិន ចាប់ផ្ដើមថយចុះឥទ្ធិពល។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៨មករា ដោយបានព្យាករណ៍ថា ដោយសារសម្ពាធខ្ពស់នៅប្រទេសចិន ចាប់ផ្ដើមថយចុះឥទ្ធិពល អាកាសធាតុនៅកម្ពុជា នឹងចាប់ផ្ដើមកើនកំដៅឡើងវិញ ចាប់ពីថ្ងៃទី២៩ ខែមករានេះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា បណ្ដាខេត្តនានានៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ មានសីតុណ្ហភាពអប្បបរមាមានពី២០ទៅ២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣២អង្សាសេ។
បណ្ដារាជធានីនិងខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-២៥អង្សាសេ។ ក្នុងនោះតំបន់ជាប់ដងទន្លេ, តំបន់ជុំវិញបឹងទន្លេសាប, តំបន់ខ្ពង់រាប និងតំបន់ភ្នំ នឹងមានចុះអ័ព្ទនៅពេលព្រឹក។ ឆ្នាំនេះអាកាសធាតុនៅខេត្តមណ្ឌលគិរី បានចុះត្រជាក់ខ្លាំង ប្រហែលពីរសប្ដាហ៍មកហើយ គឺសីតុណ្ហភាពបានធ្លាក់ចុះត្រឹមពី១៣ទៅ១៥ អង្សាសេ នៅពេលយប់ និងព្រឹក ។
ចំណែកឡើងខ្ពស់បំផុតនៅពេលថ្ងៃត្រង់ គឺមិនលើស២៨អង្សាសេនោះទេ ។ក្នុងចំណោមបណ្ដាក្រុងស្រុកទាំង៥របស់ខេត្តមណ្ឌលគិរី មានក្រុង-ស្រុកចំនួន៣ ដែលទទួលរង នូវភាពត្រជាក់និងសំណើមច្រើនជាងគេ ព្រោះតែភូមិសាស្ត្រទាំងនេះស្ថិតនៅតំបន់ភ្នំ ក្នុងនោះរួមាន ក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកពេជ្រាដា ។ចំណែកស្រុកកែវសីមា និងស្រុកកោះញែក គឺមិនសូវរងនូវភាពត្រជាក់ ឬរងារខ្លាំងនោះទេ ។
លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទោះបីជាអាកាសធាតុបានចុះត្រជាក់បែបនេះក្ដី ប៉ុន្តែចំពោះសុខភាពប្រជាពលរដ្ឋទូទៅមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានប្រជាពលរដ្ឋមួយចំនួនតូចជួបប្រទះជាមួយអាការៈផ្ដាសាយប៉ុណ្ណោះ ៕