ក្រសួងព័ត៌មានបន្តជំហគាំទ្រការបើកដំណើរការវិទ្យុអាស៊ីសេរី និងវិទ្យុសំលេងសហរដ្ឋអាមេរិក ឡើងវិញ តែត្រូវគោរពកាតព្វកិច្ចបង់ពន្ធជាមុន

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ក្រសួងព័ត៌មាននៅតែបន្តគាំទ្រចំពោះការចុះបញ្ជីបើកឲ្យដំណើរការឡើងវិញនូវការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី(RFA) ប៉ុន្តែត្រូវគោរពកាតព្វកិច្ចសារពើ ពន្ធជាមុខសិន។
យោងតាមលិខិតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ផ្ញើរជូន ឯកឧត្តមប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាចំពោះករណីស្នើសុំបើកការិយា ល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី(RFA) អគ្គនាយកដ្ឋានពន្ធដារ បានស្នើមកក្រសួងព័ត៌មាន ដោយមុនផ្តល់អាជ្ញាប័ណ្ណ ឬផ្តល់ការអនុញ្ញាត ឲ្យចុះបញ្ជីស្របច្បាប់ដល់ដល់វិទ្យុទំាង២នេះ ត្រូវភ្ជាប់នូវលក្ខខណ្ឌនៃការគោរពកាតព្វកិច្ចសារពើពន្ធជាមុន។
ឯឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យអាស៊ីសេរី(RFA) កន្លងមក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជាយូរឆ្នាំមកហើយ ដោយពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងពុំបានយកចិត្តទុកដាក់នូវការអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារនោះទេ ហើយក្រោយមក វិទ្យុទាំងពីរនេះ បានសម្រេចបិទការិយាល័យតំណាងរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយខ្លួនឯងហើយពុំបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចទៀតផង។
បើតាមឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានសោតទស្សន៍បានប្រាប់វិទ្យុជាតិ កម្ពុជាឲ្យដឹងថា ក្រសួងព័ត៌មានបានបង្ហាញជំហរស្វាគមន៍ចំពោះការចុះបញ្ជីបើកឲ្យដំណើរការវិទ្យុទំាង២នេះឡើងវិញជាយូរមកហើយពោលគឺចាប់តំាងពីឆ្នាំ២០១៧មក រួមជាមួយនឹងការចេញសេចក្តី ថ្លែងការណ៍ច្រើនដង។ សម្លេង«
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកតម្កើងនូវសិទ្ធិ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានជាធរមាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង។ ដូច្នេះវិទ្យុទាំងពីរនេះ ក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា ឡើងវិញបានដែរ៕