អ្នកជំនាញនៅតែមើលឃើញវិស័យអចលនទ្រព្យមានសញ្ញារីកចំរើនជាលំដាប់នៅក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ធីណា ឌីណេ
ភ្នំពេញ៖ អ្នកជំនាញបានមើលឃើញវិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានសញ្ញារីកចំរើនជាលំដាប់នៅក្នុងឆ្នាំ២០១៩នេះ ដែលធានាដល់ការជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។
អ្នកជំនាញខាងអចលនទ្រព្យកម្ពុជា អះអាងថាមកដល់ពេលនេះ កម្ពុជាមានសញ្ញាណវិជ្ជមានយ៉ាងខ្លំាងលើការរីកចំរើនវិស័យ អចលទ្រព្យ សំណង់ដីធ្លី ខណៈដែលកម្ពុជាមានសុខសន្ដិភាពពេញលេញ ដែលជាកត្តាងាយស្រួលក្នុងការទាក់ទាញលើការវិនិយោគ ផ្នែកវិស័យអចលនព្រទ្យនេះ។
លោកឧកញា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមានប្រសាសន៍ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ប្រមាណ៧ភាគរយជារៀងរាល់ឆ្នាំ ដែលតួលេខនេះធ្វើឲ្យកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី៦ អភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយលឿន ហើយបើគិតជាមួយប្រទេសអាស៊ាន គឺមានការអភិវឌ្ឍលឿន ដែលទំាងនេះជួយជ្រោមជ្រែងអភិវឌ្ឍន៍វស័យអចលនទ្រព្យនៅកម្ពុជា។
លោកបន្តថា ការបង្ហាញពីភាពរីកចំរើននៃវិស័យអចលទ្រព្យនេះតាមរយះ ពេលជិតមួយខែក្នុងឆ្នាំ២០១៩នេះ ការទិញលក់ដីធ្លី និងលំនៅដ្ឋាន នៅរាជធានីភ្នំពេញមានរហូតដល់ជាង ១១០០ ករណី ដែលប្រហាក់ប្រហែលកាលពីឆ្នាំកន្លងទៅ។
លោកបញ្ជក់បែបនេះ៖ « វិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាយើង យើងមើលឃើញថាគ្រប់ អចលនវត្ថុ ទាំងអស់មានការចាប់អារម្មណ៍មែនទែនមិនមែនតែពួកយើងដែលជាសមាជិកសមាគម អចលនវត្ថុ ទេសូម្បីតែអ្នកកាន់វិស័យផ្សេងៗក៏ចាប់ផ្ដើមរកស៊ីនៅលើវិស័យនេះដែរតែសំណង់ទាំងវិស័យដីធ្លីមើលឃើញថាជាង ២០ភាគរយ នៃលទ្ធផលសរុបទាំងមូល នេះបើតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងនាពេលកន្លងមកនេះអញ្ចឹងយើងគិតថាវាជាមោទនភាពមួយសម្រាប់ប្រទេសជាតិយើងទាំងមូលជាពិសេសរបស់ភ្នាក់ងារអចលនវត្ថុទាំងមូលដែលយើងបានជ្រើសរើសយកវិស័យនេះដែលជាវិស័យសំខាន់ជំរុញការធ្វើអោយមានការរីកចំរើនដល់ប្រទេសជាតិហើយយើងមើលឃើញថាវិស័យសំណង់និងអចលនវត្ថុនេះគឺជាសសរស្ដម្ភ ដល់ប្រទេសជាតិយើង សំខាន់ហើយ ហើយយើងឃើញហើយនៅលើពិភពលោកបើកវិស័យ អចលនវត្ថុ គ្មានបញ្ហាគឺវិស័យផ្សេងៗគឺមានបញ្ហាផងដែរ។អញ្ចឹងបានពួកយើងជាភ្នាក់ងារអចលនវត្ថុគឺយើងខិតខំពង្រឹងទាំងសមត្ថភាពនិងចំណេះជំនាញគ្រប់បែបយ៉ាង»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនិងប្រទេសក្នុងតំបន់ ដោយក្នុងនោះ វិស័យសំណង់បានកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏កំពុងទាមទារអោយមានការបំពេញបន្ថែម អោយបានច្រើនផងដែរ៕