ប្រមុខរាជរដ្ឋាភិបាលណែនាំអ្នកវិនិយោគទាំងឡាយមានភាពនឹងនរចិត្តជាមួយនឹងកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ៖ ស្រីផល
កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់អោយអ្នកវិនិយោគទាំងឡាយមានភាពនឹងនរចិត្ត ហើយចាប់យកកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់កម្ពុជា ដែលនឹងជួយលើកកម្ពស់ឱកាសវិនិយោគកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ហើយបង្កើនភាពប្រកួតប្រជែង។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការកែទម្រង់ផ្ទៃក្នុងដ៏ស៊ីជម្រៅ តាមរយះកាត់បន្ថយភាពសាំញុំាក្នុងការធ្វើពាណិជ្ជកម្ម ការសម្រួលបែបបទនាំចេញនាំចូល និងការដោះស្រាយបញ្ហាជាអាទិភាពជាច្រើនទៀត ដើម្បីជំរុញការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងឧស្សាហកម្ម។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតដែលប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថាដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែងនិងកាតបន្ថយថ្លៃដើមទៅលើទីផ្សាររាជរដ្ឋាភិបាលបានបញ្ចុះតម្លៃអគ្គិសនីដែលជាសមិទ្ធផល នាំទៅដល់កំណើនប្រាក់ឈ្នួលសម្រាប់អប្បបរមាឲ្យកម្មករកម្មការនីរោងចក្រនាឆ្នាំ២០១៩នេះ។
សម្លេង«តម្លៃអគ្គិសនីដែលជាសមិទ្ធផលបានចាប់ផ្តើមចុះហើយ នាំទៅដល់កំណើនប្រាក់ឈ្នួលសម្រាប់អប្បបរមាឲ្យកម្មករកម្មការនីរបស់យើង១៨២ ដុល្លារសហរដ្ឋអាមេរិកព្រោះខាងក្រុមហ៊ុនមានលទ្ធភាពត្រឹមតែ ១៧៧ទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់បាន១៨២ ខាងវិស័យឯកជនគេថាគេធ្វើបានក៍ប៉ុន្តែសុំឲ្យអគ្គិសនីចុះថ្លៃមកដល់កំរិតនេះ ចឹងរាជរដ្ឋាភិបាលសុខចិត្តខាតបង់តម្លៃអគ្គិសនីដើម្បីទំលាក់ថ្លៃអគ្គិសនីចុះ ទូទាត់ធ្វើយ៉ាងម៉េចឲ្យថៅកែតំឡើងឲ្យបាន១៨២។ ចំណុចនេះប្រជាពលរដ្ឋរបស់យើងកំពុងបាននិងទទួលផលមិនថាតែក្នុងវិស័យឧស្សាហកម្មទេ ប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទទួលផលពីការធ្លាក់ចុះនៃថ្លៃអគ្គិសនី។ចុងខែនេះនៅពេលដែលទៅបង់ថ្លៃអគ្គិសនីនិងថោកជាងពេលពីមុនចំណុចនេះជាចំណុចដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ៗ៕