រាជរដ្ឋាភិបាលត្រៀមកាត់បន្ថយការិយាល័យនិងអង្គភាពមួយចំនួនដែលមិនចាំបាច់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ អាត ចាន់ធូ

កំពត៖ រាជរដ្ឋាភិបាលត្រៀមកាត់បន្ថយការិយាល័យនិងអង្គភាពមួយចំនួនដែលមិនចាំបាច់ថ្នាក់ស្រុក ខេត្ត និងក្រសួង ក្នុងគោលដៅបង្កើនប្រសិទ្ធិភាពការងារ និងកាត់បន្ថយចំណាយថវិកាជាតិ។

 

  សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា អង្គភាពរដ្ឋមួយចំនួនដែលមិនចាំបាច់ គឺលុបចេញពីបញ្ជីតែម្ដង មានថ្នាក់អគ្គនាយក នាយកដ្ឋាន ការិយាល័យ មន្ទីរនៅតាមខេត្ត និងការិយាល័យនៅតាមស្រុក ដែលមានភារះកិច្ចការងារជាន់គ្នា ឬស្រដៀងគ្នាត្រូវលុបចោល ឬបញ្ជូលគ្នាតែមួយ។

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតដែលប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ បានអះអាងថា ការកាត់បន្ថយអង្គភាពដែលពុំចាំបាច់នេះ គឺជាការកែទម្រង់វះកាត់ ដើម្បីកាត់បន្ថយភាពសាំញុំា បំពេញការងារប្រចាំគ្នា ពិសេសការខាតបង់ចំណូលជាតិ រាប់ចាប់តំាងពីការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី ការចូលនិវត្តន៍ និងការបំពេញប្រតិបត្តិការការងារជាន់គ្នា ខ្ជះខ្ជាយថវិកាជាតិ។  សម្តេចតេជោបានបញ្ជាក់ថា សម្រាប់អង្គភាពមួយចំនួននៅថ្នាក់ក្រសួង ខេត្តនិងស្រុកដែលត្រូវទុក មានដូចជា ផ្នែកកងទព័ នគរបាល សុខាភិបាល អប់រំនិង រៀបចំដែនដី ព្រោះវិស័យទំាងនេះមានតម្រូវការនិងទំនាក់ទំនងយ៉ាងសំខាន់គៀកជាមួយនឹងប្រជាពលរដ្ឋ។

សម្លេង«ក្រៅពីនោះយកមករៀបចំជាកញ្ចប់របស់វា ឥឡូវផ្នែកផលិតកម្ម ឧទាហរណ៍ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទដាក់ម្ដុំ ឬ ឧស្សាហកម្ម រ៉ែផ្នែកនឹងដាក់ម្ដុំចូលទៅខាងនឹង ឲ្យវាទៅជាមួយគ្នាមួយចង្កោមសេដ្ឋកិច្ចនោះទៅ ផ្នែកអីទៀតសង្គមកិច្ច វប្បធម៌ស្អីៗនឹង ដាក់ មួយចង្កោមទៅឲ្យវានៅជាតួអង្គ គេហៅថារដ្ឋបាលឯកភាពតែម្ដងទៅ។ កុំឲ្យវាសាំញុំា ឥតប្រយោជន៍ កុំអោយក្នុងមួយបារ៉ូមមានតែពីរនាក់យកទៅធ្វើមុំាអី អញ្ចឹងបង្កើតឲ្យនៅនឹងទៅ ហើយបំរើសេវាឲ្យប៉ុន្មានក្រសួង ឧទាហរណ៍ក្រសួងណាពាក់ពន្ធ័នៅនឹង បំរើសេវាឲ្យមកមន្ទីរ ចូលមកមន្ទីរណាអាចធ្វើទៅរួច បើមិនចឹងទេក្រសួងមួយៗគិតតែសុំពីក្របខណ្ឌៗៗ ហើយក្របខណ្ឌយកទៅណា ក្របខណ្ឌបង្កើននៅថ្នាក់ស្រុក ការងារជាប់គាំងទាំងអស់ ហើយសុំកុំភ្លេច ពាក្យក្របខណ្ឌមួយមាត់ ត្រូវគិតគេចាប់ពីពេលដែលគេចូល គិតប្រាក់ខែនៅពេលដែលគេ ដល់ទៅពេលដែលគេចូលនិវត្តន៍ក៏ត្រូវរក្សា ទុកនូវប្រាក់បៀវត្តន៍ កុំភ្លេចឲ្យសោះ ចឹងនៅគណៈរដ្ឋមន្ដ្រីខ្ញុំនិយាយហើយនិយាយទៀត ឲ្យយកចិត្តទុកដាក់សន្សំសំចៃលើបញ្ហាការប្រើក្របខណ្ឌ ថ្នាក់ក្រោមជាតិក៏ដូចគ្នាដែរ។ កុំចេះប្រមូលមនុស្សដាក់ប្រមូលមនុស្សដាក់ៗ កាលពីដើមមនុស្សប៉ុណ្ណឹងក៏ធ្វើការកើត ឥឡូវមនុស្សច្រើន ប៉ុន្ដែចេះយើងលើសហើយខ្វះ លើសគឺលើសចំនួនមនុស្ស ដែលគ្មានលទ្ធភាពធ្វើការ គ្មានសមត្ថភាព ឯខ្វះគឺខ្វះអ្នកដែលមានលទ្ធភាពពិតប្រាកដ ក្នុងការធ្វើការ នេះជាចំណុច ដែលខ្ញុំគួរតែនិយាយ ជាសារជូន ដែលខ្ញុំគួរតែនិយាយ នៅពេលខាងមុខនឹងមានការសម្រួល រចនាសម្ព័ននៅថ្នាក់ស្រុក ដោយមិនមានការរិយាល័យនៃមន្ទីរនានា ដែលធ្លាក់ទៅក្រោមទៀតទេ។ បើយើងធ្វើការកែទម្រង់ យើងមានលទ្ធភាព ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះឡើង  ហើយប្រសិទ្ធភាពកាន់តែខ្ពស់ៗ ៕