អាជ្ញាធរខេត្តបន្ទាយមានជ័យ រម្លឹកប្រជាពលរដ្ឋម្ចាស់ដីឱ្យចូលរួមទាំងអស់គ្នា​ជា​មួយក្រុមការងារដើម្បីពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ

AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី បានមានប្រសាសន៍ក្រើនរម្លឹកដល់​ប្រជាពលរដ្ឋម្ចាស់ដីឱ្យចូលរួមទាំងអស់គ្នាសហការជាមួយក្រុមការងារវាស់វែងដីធ្លីដែលកំពុង​ប្រតិបត្តិការនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធក្នុងតំបន់គោលដៅនៅទូទាំងខេត្តឱ្យបានលឿននិងមានតម្លា​ភាពជូនដល់​​ប្រជាពលរដ្ឋ។ ការអំពាវនាវបែបនេះរបស់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំណោមលិចឃុំចំណោមស្រុកមង្គលបូរីកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩នេះ ដែលមានប្រជាពលរដ្ឋចូលរួម​ជាង២០០នាក់នោះ។

លោកបានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធវាពិតជាមាន សារៈសំខាន់ណាស់ដល់​ប្រជាពលរដ្ឋដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹង លើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ អាច​យកទៅ​ធានា​ខ្ចីប្រាក់ ជា​ឯកសារ​សំ​អាង​រឹងមាំ បើ​មាន​ជម្លោះ​ដីធ្លី ធ្វើ​ឱ្យ​ប្រសើរឡើង នូវ​ការផ្ទេរ​អចលនវត្ថុ និង​អាច​បង្កើន​ហាងឆេង​ដីធ្លី ​ឱ្យកាន់តែ​ថ្លៃ​។​

លោក លី សារី តាងនាមឱ្យអាជ្ញាធរខេត្តប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមាន​​ជ័យបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើងជូនប្រជាពលរដ្ឋ។ ជាមួយនោះលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងក្រុមការងារ ដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅតាម តំបន់គោលដៅដោយ​មិនប្រកាន់និន្នាការនយោបាយ​​អ្វីឡើយ។​ លោកក៏បានធ្វើការក្រើន រម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការ ឱ្យបានល្អថែមទៀតដើម្បី​ជំរុញឱ្យការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូននិងជោគជ័​យ។

លោក ​រ៉ូបូរ៉ាអនុ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ ​​បានឱ្យដឹងថា ​ មន្ទីរ បានរៀបចំ​ក្រុមការងារ ចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ ​ ដែលបច្ចុប្បន្ននេះ​បាននិងកំពុងអនុវត្តន៍​ចុះ បញ្ជី​ដីធ្លី លក្ខណ​:​ជា​ប្រព័ន្ធ នៅឃុំ​សង្កាត់​​ គោលដៅក្នុងក្រុង​សិរីសោភ័ណ ​ស្រុក​មង្គល​បូ​រី ស្រុក​ព្រះនេត្រព្រះ​និងក្រុងប៉ោយប៉ែត។ ​

លោកបានឱ្យដឹងទៀតថា ជាលទ្ធផល ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ នៅ​ខេត្តបន្ទាយមានជ័យ ​​រហូតមកទល់ពេលនេះ ធ្វើបានប្រមាណជាង ​១២១៥៩៥ប័ណ្ណ ​ជូនប្រជាពលរដ្ឋ៕

ដោយឈុនសារ៉ាត