អាម៉េរិកដាក់ទណ្ឌកម្មថ្មីលើកងជីវពលនិងអង្គភាពដែលមានជាប់ទាក់ទងនឹងអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — ក្រសួងរតនាគារអាម៉េរិកបានប្រកាសពីថ្ងៃព្រហស្បតិ៍នេះថា ស.រ.អា បានដាក់ទណ្ឌកម្មលើកងជីវពលពីរមានមូលដ្ឋាននៅស៊ីរី ដែលអ៊ីរ៉ង់គាំទ្រ និងអង្គភាពអាកាសចរណ៍ ២ ដែលមានជាប់ទាក់ទងនឹងក្រុមហ៊ុនយន្តហោះអ៊ីរ៉ង់ Mahan Air   ។

ក្រសួងរតនាគារបានចោទប្រកាន់ថា ពួកយុទ្ធជនកងជីវពលពីរមានមូលដ្ឋាននៅស៊ីរីភាគច្រើន ជាជនភៀសខ្លួន និងពួកជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលរស់នៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម ( IRGC  ) របស់ប្រទេសអ៊ីរ៉ង់ ។

ក្រសួងរតនាគារក៏បានផ្តោតផងដែរទៅលើក្រុមហ៊ុនយន្តហោះ Qeshm Fars Air nig Flight Travel LLC  មានមូលដ្ឋាននៅ​អារមេនីមួយ ។ អាម៉េរិកជឿថា អង្គភាពទាំងពីរនេះ មានការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនយន្តហោះអ៊ីរ៉ង់ ដែលគេបានរៀបចំ Mahan Air ដែលគាំទ្រកងកម្លាំង Quds របស់ IRGC នឹងពួកអ្នកតំណាងរបស់ខ្លួនក្នុងប្រទេសស៊ីរី តាមរយៈការដឹកជញ្ជូនបុគ្គលិក និងគ្រឿងសព្វាវុធ ។

រដ្ឋមន្ត្រីរតនាគារ លោក Steven Mnuchin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តោតរបស់ក្រសួងរតនាគារលើពួកកងជីវពលដែលអ៊ីរ៉ង់គាំទ្រ ព្រមទាំងអ្នកតំណាងបរទេសដទៃទៀត គឺជាផ្នែក នៃយុទ្ធនាការគាបសង្កត់ ដែលកំពុងប្រព្រឹត្តិទៅរបស់យើង ដើម្បីបិទបណ្តាញខុសច្បាប់ដែលរបបនេះប្រើប្រាស់ដើម្បីនាំចេញអំពីភេរវកម្ម និងការរំជើបរំជួលនៅទូទាំងសកលលោក ។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា ទ្រព្យសម្បត្តិទាំងអស់ ​ព្រមទាំងផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិនៃអង្គភាពទាំងនេះ ដែលមាននៅក្នុង ស.រ.អា ឬនៅក្នុងទ្រព្យសម្បត្តិ ឬការត្រួតត្រារបស់ពួកអាម៉េរិក ត្រូវបានរាំងខ្ទប់ ហើយពួកអាម៉េរិកជាទូទៅត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយ ពួកទាំងនោះ ។

ក្រុងវ៉ាស៊ីងតោនបានដាក់ទណ្ឌកម្មដ៏ទូលំទូលាយ ឡើងវិញលើក្រុងតេហេរ៉ង់ចាប់តាំងពីអាម៉េរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា កន្លងទៅដោយស្វែងរកធ្វើការកាត់បន្ថយ ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់របស់អ៊ីរ៉ង់នៅទូទាំងតំបន់នេះ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )