រុស្ស៊ីប្រឆាំងនឹងការធ្វើអន្តរាគមន៍របស់អាម៉េរិកក្នុងកិច្ចការប្រទេសវ៉េណេស៊ុយអេឡា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា  ឆ្នាំ២០១៩ — ក្រសួងការបរទេសរុស្ស៊ីបានរិះគន់ ស.រ.អា កាលពីថ្ងៃព្រហស្បតិ៍ពីបទចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសវ៉េណេស៊ុយអេឡា  តាមរយៈការទទួលស្គាល់មេដឹកនាំប្រឆាំងថា ជា « ប្រធានាធិបតី បណ្តោះអាសន្ន » នោះ ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទទួលស្គាល់មេដឹកនាំប្រឆាំង លោក ​ហ្សង់ហ្គៃដូ ( Juan Guaido  ) ភ្លាមៗដោយ ស.រ.អា នឹងប្រទេសថ្នាក់តំបន់ខ្លះ គឺមានបំណងធ្វើឱ្យកាន់តែធ្ងន់ ធ្ងរការបែកបាក់គ្នានៅក្នុងសង្គមវ៉េណេស៊ុយអេឡា នឹងធ្វើឱ្យជម្លោះរឹតតែខ្លំាងឡើង   ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយពីថ្ងៃពុធថា ក្រុងវ៉ាស៊ីងតោនបានទទួល ស្គាល់ លោក ហ្គៃដូ ថា ជាប្រធានាធិបតីបណ្តោះអាសន្នបន្ទាប់ពីលោក នីកូឡាស់ ម៉ាឌុយរ៉ូ(Nicolas Maduro) បានសម្ពោធចូលកាន់តំណែង ជាមេដឹកនាំប្រទេសអាម៉េរិកឡាទីន កាលពីដើមខែនេះ ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការបង្កើតមជ្ឈមណ្ឌលធ្វើការសម្រេចមួយផ្សេងទៀតនោះ គឺជាផ្លូវដែលត្រង់ទៅឬការរំជើបរំជួល ព្រមទាំងការបំផ្លិចបំផ្លាញគ្រឹះ នៃភាពជារដ្ឋវ៉េណេស៊ុយអេឡា ។

ក្រសួងនេះបានចោទប្រកាន់ក្រុងវ៉ាស៊ីងតោពីបទមិនគោរពទាំងស្រុង នូវបទដ្ឋាននឹងគោលការច្បាប់អន្តរជាតិ នឹងការប៉ុនប៉ងដើរតួនាទីជាអាជ្ញាកណ្តាល ដែលប្រកាសដោយខ្លួនឯង នូវជោគវាសនានៃបណ្តាប្រទេសដទៃទៀត ។

ក្រសួងនេះបាននិយាយថា យើងអំពាវនាវដល់ពួកអ្នកនយោបាយ ដែលមានសុភនិច្ឆ័យដែល ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់របស់លោក ម៉ាឌុយរ៉ូ កុំឱ្យក្លាយទៅជាត្រីកូនអុកនៅក្នុងល្បែងអុករបស់អ្នកណាម្នាក់ទៀតនោះ ។

ក្រសួងនេះបាននិយាយថា មានតែប្រជាជនវ៉េណេស៊ុយអេឡា ប៉ុណ្ណោះដែលមានសិទ្ធិធ្វើការ កំណត់នូវអនាគតរបស់ខ្លួន ហើយការធ្វើអន្តរាគមនខាងក្រៅដែលបំផ្លិចបំផ្លាញ គឺមិនអាចទទួលយកបានជាពិសេសនៅក្នុងស្ថានការណ៍តានតឹងបំផុតបច្ចុប្បន្ននេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីទ្រីប៉េស្កូវ ( Dmitry Peskoov ) បានប្រាប់ពួកអ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីចាត់ទុកលោក ម៉ាឌុយរ៉ូ ជាប្រមុខរដ្ឋស្របច្បាប់របស់ប្រទេស វ៉េណេស៊ុយអេឡា ហើយលោកបានព្រមានប្រឆាំងការប៉ុនប៉ងពីខាងក្រៅណាមួយ ដើម្បីដណ្តើមយកអំណាចកំពូលរបស់ប្រទេសនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )