ឥណ្ឌូណេស៊ីខិតខំធ្វើឱ្យអត្រាភាពក្រីក្រចុះមកនៅត្រឹម ៩ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩​ — យោងតាមរដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ប្រទេសឥណ្ឌូណេស៊ី លោក Bambang Brodjonegoro បានឱ្យដឹងថា ឥណ្ឌូណេស៊ីបានខិតខំធ្វើយ៉ាងណាឱ្យអត្រាភាពក្រីក្ររបស់ខ្លួនចុះមកនៅត្រឹម ៩ភាគរយនៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីរូបនេះបាននិយាយថា ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តោតលើការពង្រឹងសេវាជំនួយសង្គមរបស់ខ្លួនសម្រាប់អ្នកមានសិទ្ធិទទួលផលសមរម្យ រួមទាំងកម្មវិធីជំនួយស្បៀងអាហារដែលមិនមានជាសាច់ប្រាក់ (BPNT) និងប័ណ្ណសុខភាពឥណ្ឌូណេស៊ី (KIS) ។

ក្រុមគោលដៅអ្នកទទួលផលរបស់កម្មវិធីនានា ដូចជាកម្មវិធី BNPN កម្មវិធី KIS កម្មវិធីគ្រួសារ ក្តីសង្ឃឹម (PKH) និងកាតឆ្លាតវៃឥណ្ឌូណេស៊ី (KIP) ដែលក្រុមទាំងនេះស្ថិតក្នុងបញ្ជីភាពក្រីក្រខ្លាំង។

លោក Brodjonegoro បានថ្លែងថា អ្នកទាំងនោះដែលជាជនងាយរងគ្រោះដោយសារការធ្លាក់ចុះនៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ នឹងទទួលបានការលើកកម្ពស់ផ្នែកសេដ្ឋកិច្ចដោយមានលទ្ធភាពទទួលបានមីក្រូហិរញ្ញវត្ថុ និងបង្កើតការងារបន្ថែមទៀត។

ទីភ្នាក់ងារមជ្ឈមណ្ឌលស្ថិតិ ( BPS ) បានកត់សម្គាល់ថា អត្រាភាពក្រីក្ររបស់ឥណ្ឌូណេស៊ីមាននិន្នាការថយចុះ។ នៅក្នុងខែមីនា ឆ្នាំ ២០១៨ វាបានមានកម្រិត ៩,៨២ភាគរយ និងបានថយចុះមកនៅត្រឹម ៩,៦៦ភាគរយ កាលពីខែកញ្ញា ឆ្នាំដដែល។ តួលេខនេះបានបង្ហាញពីការធ្លាក់ចុះជាង ១០ភាគរយបើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ ២០១៧ ។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៨ ប្រជាជនក្រីក្រមានចំនួន ២៥,៦៧លាននាក់ នៅក្នុងប្រទេស ឥណ្ឌូណេស៊ី។ ចំនួនសរុបបានថយចុះប្រមាណ ០,២៨លាននាក់ បើធៀបទៅនឹងខែមីនា ឆ្នាំដដែលនិងប្រហែល ០,៩១លាននាក់ បើធៀបទៅនឹងខែកញ្ញា ឆ្នាំ ២០១៧ ។

ទោះបីអត្រាភាពក្រីក្ររបស់ឥណ្ឌូណេស៊ីបានថយចុះច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ក៏វានៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសនេះ ដែលមានប្រជាជនសរុបជាង ២៦០លាននាក់។ ប្រទេសឥណ្ឌូណេស៊ីក៏បានប្រឈមនឹងការអភិវឌ្ឍមិនស្មើភាពគ្នាក្នុងតំបន់ផងដែរ ដោយអត្រានៃភាពក្រីក្រកើនឡើងខ្ពស់នៅតំបន់ភាគខាងកើតជាងនៅតំបន់ភាគខាងលិច៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)