រុស្សីប្តេជ្ញាគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណា ឱ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោកអ៊ូ កាណែល

ភ្នំពេញ៖ ឯកឧត្តម ឌីមីតទ្រី កូប៊ីលគីន (Dmitry Kobylkin) រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានរុស្សី បានបង្ហាញអំពីការប្តេជ្ញារបស់រដ្ឋាភិបាលរុស្ស៉ី ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដែលធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

ការបង្ហាញបែបនេះក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេចតេជោថា ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-រុស្សី មានជាយូរលង់ណាស់មកហើយពោលគឺអាចនិយាយបានថា ចាប់តាំងពីឆ្នាំ១៩៥៦រហូតមក ព្រមទាំងបានជម្រាបអំពី ដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជា ពេលនេះគឺដើម្បីជួប ឯកឧត្តមឧបនាយករដ្ឋ មន្រ្តី ប្រាក់ សុខុន ដែលជាសហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រស្ស៉ី។

ឯកឧត្តមបានបន្តថា រដ្ឋាភិបាលរុស្សី នឹងធ្វើការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណា ឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ដែលនោះគឺជាគោលដៅចម្បង នៃកិច្ចពិភាក្សារវាងលោក និង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាសហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រស្ស៉ី ដែលគ្រោងនឹងពិភាក្សា នៅថ្ងៃទី២៥ ខែមករាស្អែកនេះ។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃស្អែក នឹងផ្តោតការពិនិត្យលើលទ្ធផលអ្វី ដែលរដ្ឋាភិបាល ប្រទេសទាំងពីរ បានសម្រេចនៅពេលកន្លងមក និងរៀបចំផែនការថ្មីថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស និងវិទ្យាសាស្រ្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍អបអរសាទរ ជូនចំពោះ ឯកឧត្តមកូប៊ីលគីន ដែលត្រូវបានតែតាំង ជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្សី-កម្ពុជា។ សម្តេចតេជោ ឯកភាពជាលោករដ្ឋមន្រ្តីដែរថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានជាយូរយារណាស់មកហើយ ជាសក្ខីភាពគឺយើងមានវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជា និងមន្ទីរពេទ្យមិត្តភាពកម្ពុជា រុស្សី ដែលមានស្រាប់នៅកម្ពុជា។

សម្តេចបន្តថា បន្ទាប់ពីធ្វើការផ្តួលរំលំរបប ប៉ុល ពត អតីតសហភាពសូវៀត បានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ហើយរហូតមកដល់ពេលនេះ ទៀតសោតទំនាក់ទំនង នៃប្រទេសទាំងពីរ កំពុងរីកចម្រើនយ៉ាងខ្លាំង។ ក្នុងន័យនេះ សម្តេចបានផ្តល់អនុសាសន៍ជូន លោករដ្ឋមន្រ្តី ដែលនឹងធ្វើការពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃស្អែក គឺសូមឱ្យពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ ឱ្យលើសពីអ្វីដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី គឺកិច្ចពិនិត្យមើលលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអេរ៉ាស៊ី និងលើសពីនោះទៅទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានផងដែរ៕