អង្គការ UNIDO ចាត់ទុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម

វិទ្យុជាតិកម្ពុជា៖ដោយលោក ហោ សេងគ្រី

ភ្នំពេញ៖លោក Michele Clara មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលអញ្ជើញមកពីអង្គការ United Nations Industral Development Organization (UNIDO)បានចាត់ទុកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសជំរុញការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។

លោក Michele Claraបានលើកឡើងដូច្នេះក្នុងពេលគណៈប្រតិភូរបស់លោក ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកបានបន្តថា ភាពជោគជ័យនៃវិស័យកែច្នៃ គឺមិនអាចរំពឹងតែក្រសួងមួយដើម្បីសម្រេចបានតែប៉ុណ្ណោះនោះទេ គឺត្រូវការការសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រផងដែរ។
លោកMichele Clara បានបន្តថាទស្សនកិច្ចរបស់លោក និងសហការីនាពេលនេះពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺដើម្បីសិក្សា រៀបចំគម្រោងនិងផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

ពាក់ព័ន្ធនឹងការសិក្សារៀបចំគម្រោងថ្មី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងផ្តល់កិច្ចសហការឱ្យអស់លទ្ធភាព ហើយលោកក៏បានធ្វើការណែនាំដល់ក្រុមការងាររបស់អង្គការ UNIDO ក៏ដូចជាមន្ត្រីជំនាញរបស់ក្រសួងឱ្យពិនិត្យ ពិចារណាជាសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជួយគាំទ្រដល់វិស័យកសិកម្ម ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ការធ្វើទំនើបកម្មកសិកម្ម និងការធ្វើយន្តូបនីយកម្មកសិកម្ម ដែលសកម្មភាពទាំងនេះគឺជាការឆ្លើយតបយ៉ាងសមស្របក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ និងឌីជីថលរូបនីយកម្មដែលពិភពលោកកំពុងជួបប្រទះ។

ឯកឧត្តម វេង សាខុន បានបន្តថា ដែលកន្លងមកអង្គការ UNIDO បានជួយឧបត្ថម្ភគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ហើយឯកឧត្តមបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការជាមួយសហភាពអ៉ឺរ៉ុប ក្នុងគម្រោងអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តម សង្ឃឹមថាអង្គការ UNIDO នឹងបន្តជួយដល់វិស័យជលផល និងវិស័យផ្សេងៗទៀតដូចជាវិស័យកែច្នៃផលិតផលកសិកម្ម និងការវិចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យកាន់តែមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែងទីផ្សារ៕