អ្នកជំនាញអចលនទ្រព្យណែនាំឲ្យអ្នកទិញលក់ដីធ្លីត្រូវយល់ពីកត្តាដើមទុន និងប្រភពចំណូលខ្លួនឯងជាមុនដើម្បីកុំអោយខាតបង់

វិទ្យុជាតិកម្ពុជា អត្ថបទ៖ដោយលោក អាត ចន្ធូ

ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអចលនទ្រព្យណែនាំដល់អ្នកលក់ និងអ្នកទិញអចលនទ្រព្យទំាង​អស់ត្រូវ​យល់​អោយ​ច្បាស់ដើមទុន និងប្រភពចំណូលខ្លួនឯងដើម្បីឈានទៅរកភាពជោគជ័យ រីកចម្រើនខ្លាំង និងធានាបានសុវត្ថិភាពខ្ពស់។

ថ្លែងក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកសារព័ត៌មាន ក្រោមប្រធានបទ “ស្ថានភាពអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត” នៅថ្ងៃទី២៤ ខែមករា លោក ច្រឹង សុនីម អ្នកជំនាញខាងវិស័យអចលនទ្រព្យ បានឲ្យដឹងថា គឺត្រូវយល់​អោយ​​ច្បាស់ពីខ្លួនឯង និងប្រភពចំណូលសេដ្ឋកិច្ច ដែលរកបានប្រចាំខែ ដើម្បីជៀសវាងការខាតបង់នៅថ្ងៃក្រោយ។

លោកបញ្ជាក់បែបនេះថា៖ « ទី១យើងដឹងថា ខ្លួនឯងជាអ្នកណា ហើយយើងយកប្រភពហិរញ្ញវត្ថុនឹងចេញពីណាមក ចឹងបើជាយើងយល់ឃើញអំពីកត្តាសក្តានុពលទាំងសងខាងហ្នឹង យើងអាចវិភាគបានហើយ ចឹងទិញតំបន់ណា ? ចឹងនៅក្នុងប្រទេសកម្ពុជាយើងវិស័យអចលនព្រទ្យ មានកន្លែងច្រើនដែលអាចទិញលក់បាន ហើយសក្តានុពលខ្ពស់»។

ការជំរុញអោយប្រជាពលចេះគិតគូរវិភាគពីការទិញលក់អចលនទ្រព្យនេះបានធ្វើឡើងខណៈដេលបច្ចុប្បន្នកម្ពុជាមានសន្ទុះខ្លំាងលើការទិញលក់អចលនទ្រព្យ ដូចជាកំណើនពុះដីឡូត៍លក់ បូរី ផ្ទះលែងជាដើម។

អ្នកជំនាញបានអះអាងថា ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ លើការវិនិយោគផ្នែកវិស័យអចលនព្រទ្យ ជាងប្រទេស​ជិតខាង ព្រោះកម្ពុជាមានសុខសន្ដិភាពពេញលេញ ធ្វើឲ្យមានទំនុកចិត្តពីអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ៕