រាជរដ្ឋាភិបាលជំរុញឲ្យពង្រីកបណ្តាញចែកចាយអគ្គិសនីទៅដល់តំបន់ដាច់ស្រយាលឆ្ងាយៗ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ហុក សុខរិន

ភ្នំពេញ៖ រាជរដ្ឋាភិបាលជំរុញឲ្យសេវាករអគ្គិសនីទំាងអស់ត្រូវពង្រីកបណ្តាញចែកចាយរបស់ខ្លួនទៅដល់តំបន់​ដាច់​ស្រយាល​ឆ្ងាយៗដើម្បីផ្តល់លទ្ធភាពឲ្យមានពលរដ្ឋអាចប្រើប្រាស់ថាមពលអគ្គិសនី ស្របតាមតម្រូវការ​ជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម ចាន់ សុដាវ៉ាត អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ការពង្រីក​សេវាផ្គត់ផ្គត់អគ្គិសនីឲ្យបាន៩០ភាគរយនៃភូមិ ទំាងអស់នៅទូទំាងប្រទេសនាឆ្នាំ២០២០ តាមរយៈជំរុញ​ឲ្យប្រតិបត្តិករ​អគ្គិសនីឯកជនទំាង ៣៥១អាជ្ញាបណ្ណ័ពង្រីកខ្សែបណ្តាញចែកចាយតាមការសន្យានៅក្នុងអាជ្ញាបណ្ណ័ បើទោះបីតំបន់នោះ​ឆ្ងាយនិងមានប្រជាជនរស់នៅតិចតួចក៏ដោយ។

ឯកឧត្តមបន្តថា ការពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យបាន ៩០ភាគរយនៃភូមិទំាងអស់នៅទូទំាងប្រទេសគឺនេះដើម្បី​ឆ្លើយ​តបទៅ​នឹងផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដែលធានាឲ្យប្រជាពលរដ្ឋមានថាមពលអគ្គសនីប្រើប្រាស់គ្រប់គ្រាន់។

ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីពង្រីកវិសាលភាពនេះ សេវាករអគ្គិសនីឯកជនត្រូវកាត់បន្ថយតម្លៃ សេវាប្រាក់កក់និងការ​ភ្ជាប់ចរន្ត​អគ្គិសនីឲ្យកាន់តែមានតម្លៃទាប អាចឲ្យប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពតភ្ជាប់អគ្គិសនីប្រើប្រាស់បាន ហើយ​ពង្រឹង​គុណភាពនៃការផ្តល់សេវាឲ្យបានល្អ។

លោកទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីកម្ពុជាបានបញ្ជាក់ថា សមាជិករបស់ខ្លួនបាន ត្រៀមខ្លូនរួចជាស្រេចហើយ​​ក្នុងការពង្រីកដែនផ្តល់សេវាអគ្គិសនីទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅឆ្ងាយៗ។

លោបានអៈអាងថា ការពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនីជូន ប្រជាពលរដ្ឋនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលបានផ្គត់ផ្គត់អគ្គិសនីជូនដល់ប្រជាពលរដ្ឋបាន ចំនួនជាង៨០ភាគរយ​ហើយ ក្នុងចំណោមភូមិទំាងអស់ចំនួន១៤,១៦៨ភូមិនៅទូទំាងប្រទេស៕