រាជរដ្ឋាភិបាលបញ្ចេញមូលនិធិឧបត្ថម្ភធនជាង១០០លានដុល្លារសម្រាប់បញ្ចុះថ្លៃអគ្គិសនីជូនប្រជាពលរដ្ឋក្រីក្រក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហុក សុខរិន

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩នេះ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម។

ឯកឧត្តមស៊ុយ សែន រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអះអាងថា អ្នកប្រើប្រាស់អគ្គិសនីជាង២លាន៥សែន គ្រួសារស្មើនឹងជាង៩៦ភាគរយ នៃអ្នកប្រើប្រាស់អគ្គិសនីសរុបនៅទូទំាងប្រទាំងប្រទេសជាង ២លាន៦សែនគ្រួសារគឺទទួលបានការកាត់បន្ថយថ្លៃអគ្គិសនីតាមផែនការរបស់រាជរដ្ឋាភិបាល ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០។
ឯកឧត្តមបន្តថា ផែនការបន្ថយ ថ្លៃថ្មីនេះចាប់ផ្តើមអនុវត្តចំពោះបរិមាណអគ្គិសនីដែលប្រើចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ត្រូវគ្នាជាមួយវិក័្កយបត្រអគ្គិសនីដែលចេញចាប់ពីចុងខែមករានេះតទៅ។

ឯកឧត្តម ពន្យល់ថា តាមពិតថ្លៃអគ្គិសនីពិតតាមគោលការណ៍អាជីវកម្មនៅតាមជនបទនានាគឺខ្ពស់ជាងអត្រាថ្លៃ​ដែលបាន​កំណត់ ប៉ុន្តែរាជរដ្ឋាភិបាលអាចអនុវត្តបន្ថយថ្លៃនេះ បាន គឺដោយសារមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទរបស់​អគ្គិសនី​កម្ពុជា បានឧបត្ថម្ភធន ជួយបង់ថ្លៃមួយផ្នែកជំនួសអោយទៅអ្នកលក់ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ក្រុម គ្រួសារ​មាន​កម្រិតជីវភាពទាប។

នៅក្នុងឆ្នាំ២០១៩នេះ តម្លៃអគ្គិសនីត្រូវបានបញ្ចុះពី ៤៨០ រៀលនៅឆ្នាំ ២០១៨ មកនៅត្រឹម ៣៨០ រៀលឆ្នាំ២០១៩សម្រាប់លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី ១ដល់១០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែ និងការប្រើប្រាស់ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែ នឹងត្រូវចុះពី ៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០ រៀលនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០ នឹងលំនៅដ្ឋានដែលប្រើចាប់ពី ៥១ដល់២០០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុវត្តផែនការកាត់បន្ថយថ្លៃអគ្គិសនីនេះចាប់ពីឆ្នាំ២០១៥មក ហើយរហូតមកដល់​​ពេលនេះសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងថ្លៃលក់អគ្គិសនីនៅតាម​តំបន់ផ្គត់ផ្គង់នានាដែល​យកប្រភពអគ្គិស​នីពី​បណ្តាញជាតិ ត្រូវបានថយចុះជាបន្តបន្ទាប់ ទទួលបានការគាំទ្រជាខ្លំាងពីប្រជាពលរដ្ឋក្រីក្រ៕