ចាប់ពីដើមឆ្នាំ២០១៩នេះទៅ ក្រសួងអប់រំធ្វើការទម្លាក់ថវិកាឲ្យដល់សាលារៀនរដ្ឋដោយផ្ទាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចធ្វើការបង្វែរថវិកាចូលគណនីធនាគារសាលារៀនសាធារណៈដោយផ្ទាល់ ដើម្បីឲ្យការអនុវត្តថវិកាដំណើរការសាលារៀន មានប្រសិទ្ធភាព និងជួយជំរុញដល់ការអនុវត្តកម្មវិធីកែទម្រង់វិស័យអប់រំ។ ការអនុវត្តនេះធ្វើឡើងដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា អាចបង្វែរថវិកាដំណើរការសាលារៀនចំនួន២លើក ក្នុងមួយឆ្នាំ ចូលក្នុងគណនីធនាគារសាលារៀនសាធារណៈទូទាំងប្រទេស ដោយលើកទី១ ត្រូវធ្វើឡើងនៅក្នុងខែ មករានេះ និងលើកទី២ ធ្វើឡើងនៅក្នុងខែមិថុនា ចាប់ពីឆ្នាំ២០១៩នេះតទៅ។
ការសម្រេចនេះធ្វើឡើងតបតាមសំណើរបស់ឯកឧត្តម ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលសុំឲ្យជួយដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តថវិការបស់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០១៩នេះ និងឆ្នាំបន្តបន្ទាប់ខាងមុខទៀត។
លិខិតឆ្លើយតបនឹងសំណើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែមករា បានបញ្ជាក់ដោយអនុញ្ញាតឲ្យក្រសួងអប់រំបង្វែរថវិកាចំនួន៤លាន៥ម៉ឺនរៀល ក្នុងមួយសាលារៀន ចូលក្នុងគណនីធនាគារសាលារៀនសាធារណៈនៅដើមខែមករានេះ ដើម្បីឲ្យសាលារៀនសាធារណៈ អាចដកសាច់ប្រាក់ផ្ទាល់សម្រាប់ទិញកុំព្យូរទ័រមួយគ្រឿង និងព្រីនធ័រមួយគ្រឿង។ ជាមួយគ្នានេះ ក៏អនុញ្ញាតឲ្យបង្វែរថវិកាអាហារូបករណ៍ចូលគណនីធនាគារសាលារៀនសាធារណៈដោយផ្ទាល់ ដើម្បីឧបត្ថម្ភសិស្សក្រីក្រ ជួបការលំបាកនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះដឹងទូទៅ។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវមានយន្តការផ្ទៃក្នុងច្បាស់លាស់ ដើម្បីឲ្យមានតម្លាភាព និងធានាថា សាច់ប្រាក់អាហារូបករណ៍ ដែលនៅសល់ជាយថាហេតុពីការបើកផ្តល់ជូនសិស្សអាហារូបករណ៍ ត្រូវបានផ្ទេរចូលថវិការដ្ឋវិញ។
បើតាមការលើកឡើងរបស់ឯកឧត្តម ហង់ ជួន ណារ៉ុង បានឲ្យដឹងថា ការអនុវត្តថវិកាសម្រាប់ ដំណើរការសាលារៀនសាធារណៈ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់ការបើកសាច់ប្រាក់ ឲ្យទាន់ពេលវេលា ដោយសារតែមានបញ្ហាប្រឈមខ្លះនៅសេសសល់ក្នុងឆ្នាំចាស់ និងកើតថ្មីមិនទាន់ បានដោះស្រាយឲ្យចប់សព្វគ្រប់នៅឡើយ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តថវិកាឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨ ដល់២០២៥ ដើម្បីពង្រឹងលើគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយឈរលើមូលដ្ឋានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។ ទន្ទឹមគ្នានេះ ក៏បានបន្តការគាំទ្រដល់ការអប់រំកម្រិតនៅបឋមសិក្សា និងមធ្យមសិក្សា តាមរយៈការពង្រឹងការគ្រប់គ្រងសាលារៀន ការផ្គត់ផ្គងសម្ភារៈសិក្សា និងថវិកា ការពង្រឹងវិន័យគ្រូបង្រៀន ជាដើម៕