ក្រសួងវប្បធម៌ ដាក់ចេញយុទ្ធសាស្ដ្រ ៣ចំណុចដើម្បីបន្តពង្រឹងការងារឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកឡើងថា ក្រសួងបន្ដយុទ្ធសាស្ដ្រ ៣ចំណុចដើម្បីពង្រឹងការងារឆ្នាំ២០១៩ បន្ថែមទៀតឲ្យកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលការងារខ្ពស់ ប្រកបដោយចីរភាព។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ ២០១៨ និងលើកទិសដៅការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩ កាលពីថ្ងៃទី ២៣ ខែមករានេះ ថា ក្រសួងនឹងបន្ដយុទ្ធសាស្ដ្រ ៣ ចំណុចសំខាន់ៗបន្ថែមទៀត ដូចជាការអិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ការលើកស្ទួយវប្បធម៌ជាតិ និងការពង្រឹងសេវាគាំទ្រទូទៅ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានការរីកចម្រើន ដែលលើកស្ទួយវិស័យវប្បធម៌ជាតិឲ្យមានកិត្តិយសលើឆាកអន្ដរជាតិ ។


លោកជំទាវ រដ្ឋមន្ដ្រីបន្ដថា រយៈពេល៤ឆ្នាំកន្លងទៅនេះ ក្រសួងបានសម្រេចនូវផែនធំៗជាច្រើនគួរជាទីមោទនៈ ដូចជាមរតកខ្មែរជាច្រើនត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន ល្ខោនខោលចុះបញ្ជីនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨ ប្រាសាទសំបូរព្រៃគុកដាក់បញ្ចូលកាលពីថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៧។ ប្រាសាទអង្គរវត្តនៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និងប្រាសាទព្រះវិហារនៅឆ្នាំ២០០៨។ ចំណែក ល្ខោនស្បែកធំ ចុះបញ្ជីវប្បធម៌ អរូបិយនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់កាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៥។
យើងដឹងហើយថា នៅក្នុងដំណាក់កាលឆ្នាំ២០១៩នេះ យើងមានយុទ្ធសាស្ដ្រ ៣ គឺការការអិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ ការលើកស្ទួយវប្បធម៌ជាតិ និងការពង្រឹងសេវាគាំទ្រទូទៅ ក្នុងទិសដៅនេះក្រសួងវប្បធម៌យើងឋិតនៅក្នុងមុំទី២ នៃយុទ្ធសាស្រ្តចតុកោណ៤ នោះគឺការសំដៅលើការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ប្រកបដោយចីរភាព តំបន់អទិភាពទៅលើការបន្ដការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ ដោយជំរុញការចុះបញ្ជី ពង្រឹងការគ្រប់គ្រង ការសិក្សាសាវជ្រាវ និងចងក្រងបង្កើតតម្លៃឲ្យបតិកភណ្ឌរបស់យើង។
លោកជំទាវ បានឲ្យដឹងទៀតថា កម្ពុជាត្រៀមដាក់ប្រាសាទកោះកេរិ៍ ស្ថិតនៅខេត្តព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលខាងមុខបន្ដទៀត៕