យោធាកូរ៉េខាងត្បូងថ្កោលទោសការហោះយ៉ាងទាបរបស់យន្តហោះល្បាត ជប៉ុននៅក្បែរនាវាចម្បាំងខ្លួន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ — ក្រសួងការពារប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធនេះបានថ្កោលទោសយ៉ាងខ្លាំងក្លាដល់ប្រទេស ជប៉ុន នៅពេលដែលយន្តហោះល្បាតជប៉ុនមួយគ្រឿងបានហោះក្នុងរយៈកម្ពស់ទាបនៅក្បែរនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង ដែលក្រសួងបានហៅថា ជាការ «គំរាមកំហែង »នោះ ។

ក្រសួងនៅក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះល្បាតជប៉ុនមួយ គ្រឿងបានហោះនៅជិតនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង ក្នុងកម្ពស់ពី៦០ម៉ែត្រ ទៅ៧០ម៉ែត្រ នឹងនៅ ចម្ងាយយ៉ាងជិត៥៤០ម៉ែត្រ ក្នុងដែនទឹកនៅឯនាយឆ្នេរសមុទ្រភាគនីរតី នៅប្រហែលម៉ោង២:០៣ នាទី រសៀលម៉ោងក្នុងស្រុក ។ ដោយហៅរឿងនេះថា ជាការហោះហើរក្នុងរយៈកម្ពស់ទាប , ហោះហើរគំរាមកំហែងនោះ ក្រសួង នេះបានកត់សម្គាល់ថា ច្បាស់ណាស់វាជា « សកម្មភាពបង្កហេតុ » មួយ ។

រឿងនេះបានកើតឡើងនៅពេលមានជម្លោះរ៉ាដា ដែលកំពុងបន្តទៅរវាងក្រុងសេអ៊ូល និងក្រុងតូក្យូ។ ក្រសួងការពារប្រទេសជប៉ុនបានប្រកាសថា នាវាពិឃាតកូរ៉េខាងត្បូងមួយគ្រឿងបានបិទរ៉ាដា ត្រួតត្រាការបាញ់របស់ខ្លួនទៅលើយន្តហោះល្បាតជប៉ុនមួយគ្រឿង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំកន្លងទៅ ដែលបានបដិសេធយ៉ាងដាច់ខាតដោយភាគីកូរ៉េខាងត្បូងនោះ ។

ក្នុងការឆ្លើយតបក្រសួងការពារប្រទេសក្រុងសេអ៊ូលបាននិយាយថា យន្តហោះល្បាតជប៉ុនបាន ហោះយ៉ាងទាបទៅរកនាវាពិឃាតកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងបេសកកម្មមនុស្សធម៌មួយ ដើម្បីជួយ សង្គ្រោះទូកនេសាទមួយគ្រឿង ដែលរសាត់នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រខាងកើតនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )