វៀតណាមប្តេជ្ញាក្នុងការជំរុញការការពារសិទ្ធិមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩​ — យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai បានឱ្យដឹងថា វៀតណាមបានចាត់ទុករបាយការណ៍ត្រួតពិនិត្យតាមកាលកំណត់សកលលោក (UPR) ជាការទទួលខុសត្រូវរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ នឹងជាឱកាសមួយដើម្បីបង្ហាញពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលនានាក្នុងការការពារសិទ្ធិមនុស្ស។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងកិច្ចពិភាក្សាមួយស្តីពីរបាយការណ៍ជាតិរបស់វៀតណាមនៃរបាយការណ៍ UPR ជុំទីបីរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប (HRC) នៅទីក្រុងហ្សឺណែវប្រទេសស្វីស កាលពីថ្ងៃទី ២២ ខែមករា។

របាយការណ៍នេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីភ្នាក់ងារគណបក្ស និងរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញនានាផងដែរ។

លោកបាននិយាយថា​ ជាមួយនឹងគោលនយោបាយយកប្រជាជនជាគោលដៅ និងសន្ទុះសម្រាប់កំណែទម្រង់ និងការបញ្ចូលគ្នារបស់ប្រទេសជាតិចាប់តាំងពីការពិនិត្យឡើងវិញកាលពីឆ្នាំ ២០១៤ ប្រទេសវៀតណាមបានទទួលនូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ និងការពារសិទិ្ធមនុស្សក្នុងការកសាងរដ្ឋដែលមានច្បាប់ បង្កើតប្រព័ន្ធស្តីពីសិទ្ធិមនុស្ស បង្កើតរដ្ឋាភិបាលសម្របសម្រួល ជំរុញកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច លើកកម្ពស់ប្រសិទ្ធភាពនៃទីភ្នាក់ងារយុត្តិធម៌ លើកកម្ពស់តួនាទីរបស់អង្គការនយោបាយសង្គម និងសារព័ត៌មាន ព្រមទាំងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិ។

កំណើនសេដ្ឋកិច្ចត្រូវបានរក្សាបាននៅកម្រិតជាង ៦ភាគរយក្នុងមួយឆ្នាំ ដោយជួយបង្កើតការងារបានរាប់លានកន្លែង។ អត្រាភាពក្រីក្របានថយចុះពី ៩,៩ភាគរយកាលពីឆ្នាំ​២០១៥ មកនៅត្រឹម ៧,៧ភាគរយនៅឆ្នាំ ២០១៧ ជាពិសេសនៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច។ វៀតណាមក៏បានចូលរួមជាមួយយន្តការទាក់ទងនឹងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដូចជានីតិវិធីពិសេសរបស់ HRC អនុសញ្ញាប្រឆាំងទារុណកម្ម និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)