ប្រមុខរាជរដ្ឋាភិបាលអះអាងថាកម្លាំងប្រដាប់អាវុធសុទ្ធតែមានភារកិច្ចជាប់នឹងខ្លួន ដែលត្រូវយកចិត្ដទុកដាក់ជាប់ជាប្រចាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកស្រី ប៉ុង សុភាវី​និង​ លោក​ អ៊ូ​ កាណែល​៖

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថាកម្លាំងប្រដាប់អាវុធទាំងអស់សុទ្ធតែមានភារកិច្ចជាប់នឹងខ្លួន ហើយភារកិច្ចទាំងនោះ ត្រូវបានប្រគល់ដោយរាជរដ្ឋាភិបាល និងក្រសួងការពារជាតិប្រគល់ដោយអគ្គបញ្ជាការ និងប្រគល់ទៅតាមបញ្ជាការគ្រប់ថ្នាក់ និងគ្រប់ផ្នែកជំនាញរបស់ខ្លួន។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥មានប្រសាសន៍បែបនេះក្នុងឪកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកង យោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០១៩នេះ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


សម្តេចតេជោបានបន្តថាមិនថាកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ឬមិនថាកងទ័ពជំនាញដទៃទៀតនោះទេ គឺអ្នកទាំងអស់គ្នាសុទ្ធតែមានភារកិច្ចជាប់នឹងខ្លួន។
សម្តេចតេជោបានបន្តថា នៅក្នុងភារកិច្ចទី១និងទី២នៃភារកិច្ចទាំង១០យ៉ាងគឺកងម្លាំងទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជននិងរួមជាមួយកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមចូលរួមអនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចារកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ។
សម្លេង៖១. ត្រៀមខ្លួនជាស្រេចការពារឯករាជ្យអធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន សូមកុំភ្លេចថា យោបាយការពារជាតិរបស់ហ៊ុនសែន តាំងពីដើមដល់ចប់ គឺខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗគឺដើម្បីសេចក្ដីសុខរបស់ប្រជាជន។ ប្រជាជនគឺជាប្រភពជ្រើសរើសទ័ព គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព ទាំងភស្តុភារ និងទាំងកម្លាំងគ្រប់យ៉ាងទាំងអស់ ខឿនការពារជាតិរបស់ប្រជាជន គឺមិនសំដៅទៅលើកងទ័ពប៉ុន្មានម៉ឺននាក់នោះទេ ប៉ុន្តែសំដៅទៅលើការដែលមនុស្សម្នាក់គឺជាទាហានម្នាក់សម្រាប់ជាតិនេះ សំរាប់ប្រជាជាតិរបស់យើង។ ដូច្នេះត្រូវបន្តអនុវត្តតទៅទៀត នៅខឿនការពារជាតិរបស់ប្រជាជន ដើម្បីធានាថាប្រទេសរបស់យើង គឺជាប្រទេសរួមរបស់ប្រជាជន មិនមែនជាប្រទេសដោយឡែករបស់កងទ័ព ឬរបស់អ្នកណាមួយនោះទេ។ ២. រួមជាមួយកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមចូលរួមអនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចារកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ត្រូវធ្វើឲ្យប្រទេសរបស់យើង ទៅជាប្រទេសដែលមានសុខសន្តិភាពពិតប្រាកដ យើងត្រូវដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតអោយនរណាមួយបំផ្លាញសន្តិភាពដែលយើងរកបានដោយលំបាក។ ប្រទេសយើងមានប្រវត្តិដែលជោគជាំដោយឈាម និងទឹកភ្នែក ប្រទេសយើងមានប្រវត្តិនៃការបែកបាក់ប្រទេសមួយមានកម្លាំងប្រដាប់អាវុធច្រើន ដូច្នេះត្រូវតែខិតខំរក្សានូវសន្តិភាពនេះ ត្រូវខិតខំចូលរួមរក្សានូវស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ហើយខិតខំចូលរួមដើម្បីបំផ្លាញចោលនូវអំពើអសកម្មទាំងអស់ គ្រឿងញៀន ចារកម្ម ឬល្បែងខុសច្បាប់អ្វីដែលជាអំពើខុសច្បាប់ ត្រូវចូលរួមធ្វើកិច្ចការងារនោះ៕