មេដឹកនំាកូរ៉េខាងជើងសម្តែងការពេញចិត្តចំពោះកិច្ចពិភាក្សានានាមុនពេលជំនួបកំពូល​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៤.០១.១៩)

កូរ៉េខាងជើង៖ មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងសរសើរប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំាដោយសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកាជួបគ្នានាពេលថ្មី ៗ នេះ រវាងគណៈប្រតិភូកូរ៉េខាងជើងជាមួយមន្រ្តីអាមេរិក ដើម្បីជជែកពិភាក្សាពីការរៀបចំជំនួបកំពូលជាលើកទីពីរ រវាងរូបគាត់និងលោកត្រំា។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបានផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ថា លោកគីម​ ជុងអ៊ុននិយាយថា គាត់ទុកចិត្តលើការគិតជាវិជ្ជមានរបស់លោកត្រំា ។ លោកគីម ជុងអ៊ុន និយាយបែបនេះតែប៉ុន្មានសប្តាហ៍ក្រោយពេលដែលគាត់បាននិយាយព្រមានថា កូរ៉េខាងជើងនឹងស្វែងរកនូវមាគ៌ាថ្មីមួយបើសិនជាសហរដ្ឋអាមេរិក នៅបន្តដាក់ទណ្ឌកម្ម និងសម្ពាធមកលើប្រទេសកូរ៉េខាងជើង ។

លោកត្រំានឹងជួបជាមួយលោក គីម ជុងអ៊ុន ជាលើកទីពីរ នៅចុងខែកុម្ភៈ ។ មេដឹកនំាកូរ៉េខាងជើងក្នុងសារជូនពរឆ្នំាសកលកាលពីថ្មី ៗ នេះ បានរៀបរាប់ថា គាត់ត្រៀមខ្លួនជួបជាមួយលោកត្រំាជាថ្មីម្តងទៀត ដើម្បីសម្រេចនូវគោលដៅលុបចោលអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ។​