ឯកឧត្ដម​ គួច​ ចំរើនជួយសង្គ្រោះស្ត្រីសម្រាលកូន​ម្នាក់​បានទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ ​៖


ឯកឧត្ដម​ គួច​ ចំរើន អភិបាលខេត្តកំពង់ចាមបានជួយស្ត្រីសម្រាលកូន​ម្នាក់​បានទាន់ពេលវេលាបន្ទាប់ពីស្ត្រីរូបនេះខ្វះមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។

ការជួយសង្គ្រោះនេះបានកើតឡើង នៅវេលាម៉ោង​ ១៤:០០ថ្ងៃត្រង់​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០១៩​ បន្ទាប់ពីវិទ្យុក្នុងស្រុកមួយបានប្រកាស​ថាគ្មានរថយន្តដឹកស្ត្រីសម្រាលកូន​ម្នាក់​ ដែលរស់នៅក្នុងភូមិព្រៃគ្រី​ ឃុំព្រៃគ្រី​ ស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង​ ដែលមានព្រំប្រទល់ជាប់នឹងស្រុកបាធាយ​ ខេត្តកំពង់ចាម​។


ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានចាត់ឲ្យរថយន្ដមន្ទីរពេទ្យបង្អែកស្រុកបាធាយ​ ចុះទៅដេីម្បីសង្គ្រោះឲ្យទាន់ពេលវេលា​ ដោយមិនបង្កគ្រោះដល់ម្តាយឬទារកឡេីយ​ ។
ស្ត្រី​ដែលសម្រាលកូនមានឈ្មោះ​ សុក​ គិមី​ អាយុ២៥ឆ្នាំ​ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យខេត្ត​កំពង់ចាម​ ដោយសុវត្ថិភាព​ និងក្រុមគ្រូពេទ្យយកចិត្តទុកដាក់បំផុតផងដែរ៕