រដ្ឋមន្រ្ដីក្រសួងវប្បធម៌៖ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា កម្ពុជាដាក់បញ្ចូលសម្បត្ដិ​វប្បធម៌ទាំងរូបី និងអរូបី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨កន្លងមក កម្ពុជាបាន​ដាក់បញ្ចូលសម្បត្ដិវប្បធម៌ទាំងរូបី និងអរូបី ចូលក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោក ដែលនេះ បង្ហាញពីការខិតខំរបស់​រាជរដ្ឋាភិបាល​ក្នុងការថែរក្សាការពារសម្បត្ដិ​វប្បធម៌របស់ជាតិ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បះឆ្នាំ២០១៨ និងលើក ទិស​ដៅ​ការងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ការដាក់បញ្ចូលសម្បត្ដិវប្បធម៌របស់ជាតិទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលទទួល​បានជោគជ័យកន្លងមកនេះ ដោយសារតែមានការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ គ្រប់ផ្នែកក្នុងការរៀបចំចងក្រងឯកសារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលបានគាំទ្រយ៉ាង ពេញទំហឹង ដើម្បីជំរុញឱ្យដំណើរការប្រព្រឹត្ដទៅល្អប្រសើរ។ លោកជំទាវបានបញ្ជាក់ថា ការ​ដាក់បញ្ចូលវប្បធម៌រូបី និងអរូបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាមោទនភាពសម្រាប់ ជាតិ និងប្រជាជនកម្ពុជាទាំងមូលដែលបង្ហាញពីតម្លៃនៃវប្បធម៌អរូបីរបស់មនុស្សជាតិ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល។ លោកជំទាវបានបន្ដថា ការទទួលបានជោគជ័យក្នុងរយៈពេល៤​ឆ្នាំជាប់ៗគ្នាក្នុងការស្នើសុំចុះបញ្ជីសម្បត្ដិវប្បធម៌របស់ជាតិក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺចាប់តាំងពីឆ្នាំ២០១៥មក កម្ពុជាបានស្នើសុំល្បែងទាញព្រ័ត្រចូលក្នុង បញ្ជីបេតិកភណ្ឌ ពិភពលោក ឆ្នាំ២០១៦ ដាក់ចាប៉ីដងវែង ឆ្នាំ២០១៧ ដាក់ប្រាសាទសំបូរព្រៃគុក និងឆ្នាំ២០១៨ ដាក់ល្ខោនខោល។

លោកជំទាវរដ្ឋមន្រ្ដីបានបន្ដទៀតថា ក្នុងឆ្នាំ២០១៩នេះ អង្គការយូណេស្កូបានប្រាប់ កម្ពុជាថា នឹងត្រូវផ្អាកពិនិត្យឯកសារ សិនរាល់ការស្នើសុំចុះបញ្ជីរបស់កម្ពុជា ដោយសារតែ​នៅសល់សំណើជា​ច្រើនរបស់ប្រទេសមួយចំនួន ដែលអង្គការយូណេស្កូមិនទាន់បានពិនិត្យ និងមិនទាន់សម្រេចចុះបញ្ជីនៅ​ឡើយ។ លោកជំទាវបានបន្ថែមថា ចាប់ពីមួយឆ្នាំទៅមួយឆ្នាំ វិធានការសម្រេចរបស់អង្គការយូណេស្កូ​កាន់តែតឹងរឹងទៅៗ ក្នុងការពិនិត្យ និងកំណត់បែបបទ​ក្នុងចុះបញ្ជីបេតិកភណ្ឌពិភពលោកលើសម្បត្ដិ វប្បធម៌រូបី និងអរូបី ។

បើតាមការលើកឡើងរបស់ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈបានឱ្យដឹងថា​ ក្រសួងបានពង្រឹងកិច្ចការពារថែរក្សា និងអភិវឌ្ឍន៍បេតិកភណ្ឌ​វប្បធម៌ជាតិ ទាំងរូបី និងអរូបី ដោយបានជំរុញការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ​ទៅក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ។ ឯកឧត្តមបានបន្ដថា ក្រុមការងារក្រសួង ក៏ដូចជាអាជ្ញាធរជាតិព្រះវិហារក៏បាន និងកំពុងរៀបចំចងក្រងឯកសារស្នើសុំចុះបញ្ជីប្រាសាទ កោះកែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូផងដែរ ខណៈកាលពីឆ្នាំ ២០១៨ កម្ពុជាបានស្នើដាក់បញ្ចូលគុនល្បុក្កតោខ្មែររួចហើយ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨កន្លងមកនេះ កម្ពុជាបានចុះបញ្ជីសម្បត្ដិវប្បធម៌ទាំង​រូបី និងអរូបី ទៅក្នុងបញ្ជីសម្បត្ដិបេតិកភណ្ឌពិភពលោកបានចំនួន៨ រួមមាន ប្រាសាទអង្គរវត្ដ, របាំព្រះ​រាជទ្រព្យ, ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ, ប្រាសាទព្រះវិហារ, ល្បែងទាញ​ព្រ័ត្រ, ចាប៉ីដង​វែង, ប្រាសាទ សំបូរព្រៃគុក និងល្ខោនខោល៕

ដោយ អ៊ុន រិទ្ធី រូបថត៖ក្រសួងវប្បធម៌